(បន្ទាយមានជ័យ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងសិក្សារៀបចំសាងសង់មណ្ឌលសំចតមួយ នៅក្នុងក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ លើផ្ទៃដីប្រមាណ ១ហិកតា ទុកសម្រាប់ទទួលពលករចំណាកស្រុក ទៅធ្វើការនៅក្នុងប្រទេសថៃ ក៏ដូចជាជនរង គ្រោះ ជនអនាថា និងកុមារកំព្រាជាដើម។
ក្នុងពេលចុះទៅពិនិត្យទីតាំងដីសម្រាប់សាងសង់ «មណ្ឌលសំចតប៉ោយប៉ែត» នៅថ្ងៃចុងសប្តាហ៍នេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងថា ការបង្កើតឲ្យមានមណ្ឌលសំចតប៉ោយប៉ែតនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ ទទួលពលករចំណាកស្រុក ជនរងគ្រោះ ជនងាយរងគ្រោះ ជនអនាថា កុមារកំព្រាគ្មាន ទីពឹង។
បើតាមលោក វង សូត មណ្ឌលនេះ ក្រៅពី ការផ្តល់សេវានានា ដើម្បីដោះស្រាយទុកលំបាករបស់ពលករហើយនោះ ក៏មានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មប្រជាពល រដ្ឋចំណាកស្រុក និងជនរងគ្រោះផ្សេងៗទៅសហគមន៍ វិញផងដែរ។
លោករដ្ឋមន្រ្តី វង សូត បានស្នើដល់ក្រុមការងារពន្លឿន និងសិក្សាគម្រោងឲ្យបានច្បាស់លាស់ក្នុងដំណើរការសាងសង់ មណ្ឌលនេះ ដើម្បីរក្សាឲ្យបានសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋ ដែលត្រូវទទួលឲ្យមកស្នាក់នៅប្រកប ដោយការទទួលខុសត្រូវ និង មានប្រសិទ្ធភាពខ្ពស់។
លោក វង សូត ក៏បានថ្លែងអំណរគុណ និងសប្បាយរីករាយផងដែរ ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឯកភាពឲ្យបង្កើត មណ្ឌលសំចត ប៉ោយប៉ែត ដែលនៅកៀកនឹងព្រំដែនប្រទេសថៃ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសពលករចំណាកស្រុកទៅប្រទេសថៃ ឲ្យទទួលបាននូវការបម្រើសេវាក៏ដូចជាស្នាក់នៅ បណ្តោះអាសន្ន និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរ និងជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក នៅទូទាំងប្រទេស ជាពិសេសពលករចំណាកស្រុក ជនរងគ្រោះជនងាយរងគ្រោះ ជនអនាថាជនចាស់ជរា កុមារកំព្រា គ្មានទីពឹងជាដើម៕