ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ឈឹម ជួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន
17-07-2016 17:05
(ភ្នំពេញ) នៅថ្ងៃព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដឹកនាំមន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ ឈឹម ជួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នាវេលាម៉ោង០២:០០នាទីយប់ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមទាំងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពត ចម ប្រសិទ្ធ បានសម្តែងនូវសមានទុក្ខ សោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ មួយរូបរបស់រាជរដ្ឋាភិបាល ដែលបានលះបង់នូវកម្លាំងកាយចិត្ត ធនធាន និងបញ្ញាញាណ ចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។
ក្នុងឱកាសនៃការចូលរួមមរណទុក្ខនេះដែរ ឯកឧត្តម និងមន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មបានចូលរួមរំលែក ទុក្ខយ៉ាងក្រៀមក្រំ ដោយភាពសោកស្តាយ និងអាឡោះអាល័យជាទីបំផុត ជាមួយ លោកជំទាវនិងក្រុមគ្រួសារសព ឈឹម ជួន និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក បានឆាប់ចាប់បដិសន្ធិសោយសុខក្នុងឋានសុគតិភព៕