(ភ្នំពេញ)៖ ក្រោយពីការបញ្ចប់ការប្រកួតតស៊ូដ៏ស្វិតស្វាញ នៅក្នុងព្រឹត្តិការណ៍កីឡា ចលនាកីឡាអូឡាំពិក២០១៦ បានរកឃើញនៅម្ចាស់ជយលាភីហើយ។
កម្មវិធីនេះធ្វើឡើង នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រសួងអប់រំយុវជន និងកីឡានិងសហភាពសហព័ន្ធ យុវជនកម្ពុជា (UYFC)។
កម្មវិធីចលនាកីឡាអូឡាំពិកនេះ ធ្វើឡើងក្នុងមានគោលបំណង ដើម្បីលើកទឹកចិត្តដល់យុវជនកម្ពុជា ឱ្យទទួលបាននូវ អត្ថប្រយោជន៍ ពីជីវិតរស់នៅ រស់រវើកតាមរយៈសកម្មភាពលេងកីឡា ដែលមានសារៈសំខាន់ណាស់សម្រាប់សុខភាព។
លោក រស់ សោកា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈ របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកាកូឡា) បានឲ្យដឹងថា ការប្រកួតផ្ដាច់ព្រ័ត្រចលនាកីឡាអូឡាំពិកឆ្នាំ២០១៦នេះ មានការចូលរួមពីបេក្ខជន ប្រកួតចំនួន២៨០នាក់ មកពីវិទ្យាល័យ ចំនួន៤ និងអ្នកចូលរួមទស្សនាចំនួន៣០០០នាក់។
លោកបានបន្ដទៀតថា ការប្រកួតប្រជែងនេះ សម្រាប់ជយលាភីលេខ១ ទទួលបាននូវទឹកប្រាក់ចំនួន៤ពាន់ដុល្លារលេខ២ ទទួលបានទឹកប្រាក់ចំនួន៣ពាន់ដុល្លារ លេខ៣ទទួលបានទឹកប្រាក់ចំនួន២ពាន់ដុល្លារ និងលេខ៤ទទួលបានទឹកប្រាក់ ១ពាន់ដុល្លារ។
ក្នុងនោះផងដែរលោកក៏បានជម្រុញ ទៅដល់ស្រទាប់យុវវ័យក៏ដូចជាសិស្សានុសិស្ស ដែលមានអាយុចាប់ពី១៣ឆ្នាំដល់១៩ឆ្នាំ ឲ្យធ្វើចលនាលំហាត់ប្រាណ រាងកាយ ដើម្បីសុខភាព និងការអភិវឌ្ឍន័សារពារាង្គកាយ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអបអរសាទរ គាំទ្រ និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន កូកាកូឡា ដែលបានបង្កើតនៅកម្មវិធីចលនាអូឡាំពិកនេះឡើង។
លោកបានបញ្ជាក់ទៀតថា នេះគឺជាការបង្កើតនូវស្មារតីមួយ ដើម្បីប្អូនសិស្សានុសិស្ស យល់ដឹងពីកីឡាក៏ដូចជា បើកឱកាស សម្រាប់ប្អូនៗ មានការប្រកួតប្រជែង និងបង្កើតមិត្តភាពពីវិស័យកីឡានេផងដែរ។
សូមជម្រាប់ថា ចលនាកីឡាអូឡាំពិកនេះ បានរៀបចំឡើងអស់រយៈពេល៣ខែហើយ នៅតាមវិទ្យាល័យចំនួន៤ រួមមានដូចជា វិទ្យាល័យបាក់ទូក វិទ្យាល័យហ៊ុនសែនជម្ពូរវ័ន វិទ្យាល័យឥន្រ្ទទេវី និងវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីទៅប្រកួតប្រជែងជាមួយ វិទ្យាល័យដទៃទៀត លើវិញ្ញាសារ៦ដូចជា កីឡាបាល់ទះ បាល់ទាត់ រត់ប្រណាំង កាយសម្ព័ន្ធ លោតចំងាយនិងចោល ដុំដែក។
សម្រាប់ជ័យលាភីលេខ១ ដែលទទួលបានជ័យជំនះ សម្រាប់រដូវកាលដំបូងបំផុត នៃចលនាកីឡាអូឡាំពិកកម្ពុជា ឆ្នាំ២០១៦នេះ បានទៅលើវិទ្យាល័យឥន្រ្ទទេវី ជ័យលាភីលេខ២ បានទៅលើវិទ្យាល័យបាក់ទូក ជ័យលាភីលេខ៣ បានទៅលើវិទ្យាល័យព្រះស៊ីសុវត្ថិ និងជ័យលាភីលេខ៤ បានទៅលើវិទ្យាល័យហ៊ុនសែនជម្ពូរវ័ន៕