(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានស្គាល់ការបរាជ័យលើកដំបូងក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Championship 2016 បន្ទាប់ពីប្រកួតចាញ់ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំថៃ ដោយលទ្ធផល ៦-០ មុននេះបន្ដិច នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ធ្លាក់មកឈរលេខ២ ខណៈក្រុមការពារតំណែងជើងឯកថៃ ឡើងឈរកំពូលតារាងពូលB ។
ការប្រកួតនេះ តង់ទី១ ក្រុមទាំងពីរមានឱកាសសម្រុករកគ្រាប់បាល់រៀងៗខ្លួន ប៉ុន្ដែក្រុមយុវជនកម្ពុជា មិនអាចបំប៉ោង សំណាញ់ទីក្រុមភ្ញៀវបានទេ ព្រោះមានការរារាំងដោយខ្សែការពារ និងសង្គ្រោះដោយអ្នកចាំទី គ្រាដែលក្រុមយុវជនថៃ រកបាន ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ Korawich Tasa នៅនាទី៤០ ដើម្បីនាំមុខកម្ពុជា ១-០ ក្នុងតង់ទី១ ។ នៅតង់ទី២ ក្រុមថៃ បានបន្ថែម ៤គ្រាបទៀត ដែលធ្វើសម្រេចដោយការទាត់បាល់ពិន័យ ១១ម៉ែត្រដោយកីឡាករ Sumana Salapphet នៅនាទី៥៣, កីឡាករ Peerapat Kaminthong នាទី៦៣ និង កីឡាករ Jinawat Russamee នៅនាទី៧៣ និងនាទី៨៣ និងគ្រាប់បាល់ចុងរកបានដោយកីឡាករ Korawich Tasa នៅនាទី៩០ ។
សម្រាប់ការបរាជ័យទាំងគួរឲ្យសោកស្ដាយនេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ធ្លាក់មកឈរលេខ២ ក្នុងពូលB មាន ៦ពិន្ទុ ក្រោយប្រកួត ៣លើកឈ្នះ២ និងចាញ់ ខណៈអតីតក្រុមជើងឯកឆ្នាំចាស់ថៃ ឈរកំពូលតារាង ដោយ ៣ប្រកួតឈ្នះទាំងបី មាន ៩ពិន្ទុ ។ ប៉ុន្ដែយ៉ាងណាក្រុមយុវជនកម្ពុជា ក៏នៅសល់មួយប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមយុវជនទីម័រខាងកើត ដើម្បីដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៩ ខែកក្កដានេះផងដែរ ៕