(កំពង់ឆ្នាំង)៖ កម្លាំងរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅបន្តបង្ក្រាបបទល្មើសជលផល លើផ្ទៃបឹងទន្លេសាប នារដូវត្រីពងកាន់តែខ្លាំង ក្រោយពីមានសេចក្តីរាយការណ៍មកថា ក្រុមឈ្មួញខ្លះនៅបន្តដាក់ឧបករណ៍ នេសាទខុសច្បាប់។
រដ្ឋបាលជលផល បានបញ្ចេញរបាយការណ៍ស្តីពីលទ្ធផលបង្ក្រាប បទល្មើសនេសាទក្នុងដែនសមត្ថកិច្ច របស់ខ្លួនចាប់ពី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយបានធ្វើការរឹបអូសឧបករណ៍ជាច្រើន។
លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង បានអះអាងថា លទ្ធផលនៃប្រត្តិបត្តិការបង្ក្រាបធ្វើបាន៣៦ករណី ដែលក្នុងនោះ របាំងស្បៃមុងមាន១២ករណី របាំង១៦០កន្លែង ស្មើនឹង៤៨៤០ម៉ែត្រ លូស្បៃមុង១៨០មាត់ បង្គោល ២១៥០ដើម ចាក់លែងកូនត្រីចម្រុះ២៨០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិ។
ដោយឡែករបាំងសាច់អួនបង្ក្រាបបាន១២ករណី ស្មើ៧៦កន្លែង មានប្រវែង៤៩៥០ម៉ែត្រ លូសាច់អួន ១១៨មាត់ បង្គោល២០៣០ដើម ចាក់លែងកូនត្រីចម្រុះ៣១០គីឡូក្រាមចូលក្នុងបឹងធម្មជាតិ។
ចំណែករបាំងកាត់ព្រែកមានចំនួន១០ករណី របាំងព្រួល៤៨កន្លែងស្មើនិង១០៤០ម៉ែត្រ លបចំនួន១២៥គ្រឿង បង្គោលចំនួន ១២០ដើម ចាក់លែងកូនត្រីចម្រុះ១៩០គីឡូក្រាមចូលក្នុងបឹងធម្មជាតិ ។
ក្នុងនោះផងដែរមានការបង្ក្រាបរបាំងព្រួលចំនួន២ករណី ស្មើនឹង៩កន្លែង មានប្រវែង១០៧០ម៉ែត្រ លប៣២គ្រឿង បង្គោល៧០០ដើម និង ចាក់លែងកូនត្រីចម្រុះ១៥គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញផងដែរ ។
ទន្ទឹមគ្នានេះផងដែរ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងរដ្ឋបាលជលផលផ្នែកកំពង់ប្រាសាទក្រោមការ បញ្ជាផ្ទាល់ពីលោក សោម ភីរុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តបាន បង្ក្រាបករណីឆក់ត្រីបានមួយករណីឃាត់ខ្លួន ជនសង្ស័យម្នាក់រួមនិងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនិតិវិធី ។
សូមបញ្ជាក់ថា នេះជាលទ្ធផលមួយរបស់សមត្ថកិច្ចរដ្ឋបាលជលផលថ្នាក់ក្រោមគឺសង្កាត់ សហការជាមួយផ្នែករដ្ឋបាល ជលផលរួមនិងសហគមន៍នេសាទ ដែលបានបង្ក្រាប៕