(កំពង់ធំ)៖ លោក ឡង គីសឺង ប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា រយៈពេល៥ខែឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានទទួលសមាជិកប្សថ្មី ស្ម័គ្រចិត្តមករួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៣១៤៦រូប។

ការលើកឡើងរបស់លោក ឡង គីសឺង ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាជិកថ្មីចំនួន១៣៤៥រូប ពី៣ឃុំ គឺឃុំកកោះ ឃុំទីពោ និងឃុំត្បូងក្រពើ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកសន្ទុក។

លោក ស៊ុំ សន្និសិទ្ធ ក្នុងនាមប្រធានក្រុមការងារថ្នាក់ និងក្រុមការងារចុះជួយស្រុកសន្ទុក បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានសមាជិកសមាជិកាថ្មីទាំងអស់ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា វត្តរបស់សមាជិកសមាជិកាថ្មីទាំង១៣៤៥រូប ពេលនេះជាប្រភពកម្លាំងមួយបន្ថែមទៀត សម្រាប់គណបក្សប្រជាជនកម្ពុជា កាន់តែមានកម្លាំង និងមានលទ្ធភាពច្រើនក្នុងការដឹកនាំ និងបន្តបំពេញភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន។

លោកបានបន្ដថា ការចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូន ជាការសម្រេចចិត្តត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្នមិនមានគណបក្សនយោបាយណាមួយមានប្រវត្តតស៊ូ និងមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ និងរស់នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូចគណបក្សប្រជាជនកម្ពុជាឡើយ។

ជាមួយនេះមានតែគណបក្សប្រជាជនកម្ពុជា មួយគត់មានបទពិសោធន៍ទូលំទូលាយ និងមានភាពចាស់ទុំផ្នែកនយោបាយ ហើយតែងតែដោះស្រាយ ចំពោះទុក្ខលំបាកផ្សេងៗជូនប្រជាពលរដ្ឋ ហើយក៏មិនដែលទុកពលរដ្ឋណាម្នាក់ ជួបការលំបាកខ្វះខាតចោលម្ដងឡើយ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា តែងតែនៅក្បែរប្រជាពលរដ្ឋ គ្រប់ស្ថានការណ៍ និងគ្រប់ការលំបាក។

លោក ស៊ុំ សន្និសិទ្ធ បានរំលឹកដល់សមាជិកបក្សទាំងអស់ថា ដើម្បីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សមាជិក-សមាជិកាទាំងអស់ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរចនាសម្ព័ន្ធគណបក្ស ជាពិសេសរចនាសម្ព័ន្ធ យុវជនគណបក្សឃុំ ជាមួយនឹងការកំណត់ពីគោលការណ៍ដឹកនាំ និងតួនាទីភារកិច្ចឱ្យបាន ច្បាស់លាស់ និងអនុវត្តតាមគោលនយោបាយរួម របស់គណបក្សឱ្យមានប្រសិទ្ធភាព៕