(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ៧មករា និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ៧មករា រួមទាំងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ៧មករា ចូលរួមរំលែកទុក្ខគ្រួសារនៃសពកុមារី ពិន សូឡិច អាយុ៧ឆ្នាំ ដែលស្លាប់ដោយសារខ្សែភ្លើងឆក់។

ក្រុមការងារបាននាំយកអំណោយទាំងនេះ ជួនទៅដល់គ្រួសារសព កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃសុក្រ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនិងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

សព កុមារី ពិន សូឡិច មានអាយុ៧ឆ្នាំ មានទីលំនៅផ្ទះលេខ៣៣៣ អឺ៣ ផ្លូវ២១៧ ភូមិ៣ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយសារឆក់ខ្សែភ្លើងនៅត្រង់ចំណុចមុខផ្សារអូឡាំព្យា (សួនបាញ់ទឹកជិតរង្វង់មូលនាងគង្ហីង) កាលពីវេលាយប់ម៉ោង ៧និង១០នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។

នាឱកាសនោះផងដែរ លោក ឌី រ័ត្នខេមរុណ បានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់កុមារី ពិន សូឡិច បានសោយសុខក្នុងទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អនុសាខាផ្តល់ជូនគ្រួសារសពដែលទទួលនោះមាន៖ អង្ករ ២បាវ មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកសុទ្ធ ៤កេស, បាកាស ២កេស រួមទាំងថវិកាអនុសាខា ៥០ម៉ឺនរៀល និងថវិការបស់លោកអធិការខណ្ឌ ៧មករា ៥០ម៉ឺនរៀល សរុបថវិកា ១លានរៀលផងដែរ៕