(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ និងជាអ្នកវិភាគដ៏ល្បីមួយរូបបានថ្លែងប្រាប់ Fresh News ឱ្យដឹងនៅព្រលប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះថា លោកបានទទួលដំណឹងមុន អំពីការប៉ុនប៉ងធ្វើបាបលោកជាថ្មីម្តងទៀត បើសិនជាហ៊ានទៅចូលរួមបុណ្យសព លោកបណ្ឌិត កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ដំណឹងនេះបានធ្វើឱ្យ លោក សុខ ទូច សម្រេចចិត្តថា មិនទៅចូលរួមបុណ្យសព លោកបណ្ឌិត កែម ឡី ដែលមិត្តភ័ក្រ្តស្និទ្ធស្នាលរបស់លោកនោះទេ ដោយសារបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។

លោក សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានទទួលដំណឹងមួយថា មានមនុស្សចាំចាក់ខ្ញុំ ប្រសិនបើទៅចូលរួមបុណ្យសព កែម ឡី ហើយពួកគេនឹងប្រមាថខ្ញុំ ថាខ្ញុំលក់ក្បាលឲ្យយួន និងរាជរដ្ឋាភិបាល, ខ្ញុំសម្រេចចិត្តមិនទៅចូលរួម ហើយដំណឹងនេះខ្ញុំទទួលបានមុន ថ្ងៃកើតរឿងធីសុវណ្ណថាទៅទៀត»

សូមជំរាបថា នេះជាលើកទី២ហើយ ដែលលោកបណ្ឌិត សុខ ទូច បានទទួលរងការគំរាមសម្លាប់បែបនេះ។ កាលពីខែសីហា ឆ្នាំ២០១៥ លោក សុខ ទូច ក៏បានរងនូវសារព្រមានសម្លាប់ម្តងផងដែរ បន្ទាប់ពីលោកបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ទៀងផ្ទាត់ផែនទី។ ប៉ុន្តែយុវជនដែលគំរាមសម្លាប់ លោក សុខ ទូច តាម Facebook នោះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនផងដែរ៕