(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ព្រធានព្រឹទ្ធសភា បានថ្វាយនូវសារលិខិត ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ព្រះវស្សា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។
សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧០ព្រះវស្សា ដ៏ថ្លៃថ្លានេះ ក្នុងនាមសមាជិក-សមាជិកាទាំងអស់នៃព្រឹទ្ធសភា ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកហត្ថប្រណម្យថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរគ្រប់ប្រការ ព្រមទាំងមនោស់ញ្ចេតនាគារវភក្តី ប្រកបដោយកតញ្ញកតវេទិតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៌ ព្រះកាយពល រឹងមាំក្លៀវក្លា ព្រះបញ្ញាញាណវាងវៃ ព្រះទីឃាយុយឺនយូរ ជាម្លប់ដ៏ត្រជាក់សម្រាប់ទូលព្រះបង្គំជាខ្ញុំ និងប្រជារាស្ត្រគ្រប់ៗរូបជ្រកកោនជានិច្ចនិរន្តរ៍តរៀងទៅ។
ប្រជារាស្ត្រខ្មែរមានមោទកភាពដ៏ខ្ពង់ខ្ពស់ និងមហាភ័ព្វសំណាង ដែលមានអង្គព្រះមហាក្សត្រគ្រងព្រះបរមសិរី រាជសម្បត្តិ ប្រកបដោយព្រះរាជគតិបណ្ឌិត និងទសពិធរាជធម៌។ ក្រោមព្រះរាជកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ ជីវភាពរបស់ប្រជារាស្ត្រត្រូវបានល្អប្រសើរឡើង កិត្យានុភាពជាតិក៏ត្រូវលើកកម្ពស់ និងល្បីល្បាញនៅលើឆាកអន្តរជាតិ។
ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គជួយអភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះពរជ័យ សិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។ សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវគារវកិច្ចកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គុំជាខ្ញុំ និងសមាជិក-សមាជិកាទាំងអស់ នៃព្រឹទ្ធសភា»៕