(បាត់ដំបង)៖ លោកបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញផ្សព្វផ្សាយផែនការឆ្ពោះទៅរកការបបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ការផ្សព្វផ្សាយផែនការនេះ ក៏មានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាឃុំព្រះផុស នគរបាលប៉ុស្តិ៍ សមាជិក សមាជិកាគណបក្ស រួមទាំងក្រុមយុវជនជាច្រើននាក់ទៀត។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពការងារចុះជួយមូលដ្ឋានឃុំព្រះផុស និងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ខាងមុខនេះ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកបណ្ឌិត ស្រេង វង្សហៀង បានណែនាំឱ្យសមាជិកក្រុមការងារគណបក្សចុះជួបប្រជាពលរដ្ឋឱ្យបានដិតដល់ សហការជាមួយបេក្ខជនចាស់ៗ និងជួយផ្សព្វផ្សាយសមិទ្ធផលថ្មីៗរបស់គណបក្ស និងបានរំលឹកប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវត្រៀមនូវឯកសារបោះឆ្នោតឱ្យបានរួចរាល់ និងត្រឹមត្រូវតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានអត្តសញ្ញាបណ្ណជាដើមនោះ។
ប្រធានក្រុមការងាររូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើន និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។ ព្រមទាំងបានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមការងារគណបក្សទាំងអស់ ជួយផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍ធំៗឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ស្រេង វង្សហៀង ក៏បានណែនាំឱ្យថ្នាក់ដឹកនាំនៅមូលដ្ឋាន បង្កើនអំពើល្អ បង្កើនការយកចិត្តទុកដាក់ពីសុខទុក្ខ និងផ្តល់នូវក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋ នោះសម្លេងគាំទ្រនឹងរឹតតែកើនឡើងយ៉ាងប្រាកដ។
លោកបណ្ឌិត ស្រេង វង្សហៀង ក៏បានលើកឡើងអំពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានរយៈពេល ៤៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប៉ុល ពត និងការបង្រួបបង្រួមជាតិ ខ្មែរតែមួយ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ស្រេង វង្សហៀង បានបញ្ជាក់ថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជន ដើម្បីប្រជាជន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានជីវភាពល្អប្រសើរ នេះគឺជាគោលដៅធំរបស់យើង។
បន្ថែមពីនេះលោកបណ្ឌិត ស្រេង វង្សហៀង ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រដល់ការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន ហើយក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាការពារសុខសន្ដិភាព ដែលកម្ពុជាបានរកមកដោយលំបាកកុំឱ្យមានការបាត់បង់ឱ្យសោះ។
ប្រធានក្រុមការងាររូបនេះបាននជំរុញឱ្យសមាជិកក្រុមការងារគណបក្សយកផែនការនេះទៅអនុវត្ត ឱ្យបានជោគជ័យ រួបរួមគ្នាទាំងបេក្ខជនចាស់ទាំងបេក្ខជនថ្មីក្នុងគោលដៅតែមួយយកឈ្នះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនបក្សឱ្យបាន ព្រោះនេះជាការបោះឆ្នោតដ៏សំខាន់ជួយឱ្យដណ្ដើមបានជោគជ័យជូនគណបក្ស និងអាចបន្តការអភិវឌ្ឍជូនជាតិ និងបន្តជួយប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពបានល្អប្រសើរថែមទៀតផងដែរ៕