(សេអ៊ូល)៖ ព័ត៌មានទើបតែបង្ហើបឲ្យដឹងជាផ្លូវការនៅមុននេះបន្តិច បានឲ្យដឹងថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Hwang Kyo-ahn ត្រូវបានប្រជាជន ជាច្រើនចោមរោមរថយន្តរបស់លោក ហើយខ្លះទៀតបានយកដបទឹកសុទ្ធ និងពងមាន់ជាច្រើនគ្រាប់គប់ទៅលើលោកថែមទៀតផង ដោយសារតែពួកគេ ខឹងរឿងកិច្ចព្រមព្រៀងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ជាមួយអាមេរិក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ CNN នារសៀលថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦។
តាមពិតហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី១៦ ខែកក្កដា នៅពេលដែលលោកនាយករដ្ឋមន្ត្រីបានចេញពីកិច្ចប្រជុំមួយ នៅទីក្រុងសេអ៊ូល។ យោធាកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះថា ខ្លួននឹងធ្វើការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដែលបានទិញពី សហរដ្ឋអាមេរិក នៅតំបន់មួយដែលស្ថិតនៅចម្ងាយ ២៥០គីឡូម៉ែត្រ នៃភាគអាគ្នេយ៍រដ្ឋធានីសេអ៊ូល។
ទោះបីជារដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា វាជាការការពារសន្តិសុខជាតិកម្រិតខ្ពស់ ពីការគំរាមកំហែង ផ្នែកមីស៊ីល និងនុយក្លេអ៊ែរពីកូរ៉េខាងជើងក៏ដោយ ក៏ប្រជាជនក្នុងស្រុក ជាពិសេសបក្សប្រឆាំងកូរ៉េខាងត្បូងបានហៅទង្វើនេះថា ជាការយកសន្តិសុខកូរ៉េខាងត្បូង ទៅប្រថុយនឹងគ្រោះថ្នាក់ ខណៈបណ្តាប្រទេសជិតខាងដូចជារុស្ស៊ី, ចិន, រួមទាំងកូរ៉េខាងជើងផងដែរ បានបង្ហាញការជំទាស់ និងព្រមានចាត់វិធានការក្តៅចំពោះកូរ៉េខាងត្បូងថែមទៀត៕