(ពោធិ៍សាត់)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានា នៅវត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទកភាព និងអនុមោទនាចំពោះការអភិវឌ្ឍរីកចម្រើនរបស់វត្តហ្លួង ដែលជាទីអារាមដ៏ចំណាស់ក្នុងដានប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាមួយនឹងអាយុកាលប្រមាណជាង៥០០ឆ្នាំ ហើយបានឆ្លងកាត់សម័យកាលជាច្រើនជំនាន់ រាប់ចាប់ពីដំណាក់កាលនៃជម្លោះ និងសង្គ្រាមបែកបាក់ រហូតដល់សម័យតេជោ ជាសម័យកាលនៃភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន។

លោកបានបន្ថែមថា សព្វថ្ងៃ សមិទ្ធផលជាច្រើន រួមមាន ព្រះវិហារ, សាលាឆាន់, សារមន្ទីរ, ព្រះវិហារព្រះគោ-ព្រះកែវ, សាលាបាលី, ក្លោងទ្វារ និងរបងវត្ត ជាដើម បានកកើតដុះដាលនៅក្នុងទីអារាមជាទីគោរពសក្ការៈមួយនេះ ក្រោមបរិយាកាសនៃសន្តិភាព ស្ថិរភាព សេរីភាព និងជីវភាពសម្បូរសប្បាយរបស់ប្រជាពុទ្ធបរិស័ទ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំប្រកបដោយធម៌ ដែលតែងប្រកាន់យកគោលការណ៍សច្ចធម៌ និយាយពិត ធ្វើពិត និងបម្រើពិត រួមជាមួយនឹងឆន្ទៈបង្រួបង្រួមជាតិ លើកតម្កើងសាមគ្គីភាពជាតិ និងស្រឡាញ់អាណិតប្រជាពលរដ្ឋដោយមិនមានការរើសអើងបែងចែក។

លើសពីនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ តែងបានផ្តោតទៅលើការខិតខំអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ដោយព្យាយាមខិតខំកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាបន្តពង្រឹងបន្ថែមទៀត នូវលទ្ធភាពក្នុងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ទាំងសមត្ថភាពក្នុងការឆ្លើយតប ក្នុងស្ថានភាពគ្រោះវិបត្តិ និងការបន្តកសាងអភិវឌ្ឍន៍ជាតិនៅមុខបន្ថែមទៀត។

លោកបានអំពាវនាវឲ្យពលរដ្ឋចូលរួមទាំងអស់គ្នាក្នុងការថែរក្សា និងបន្តកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត ក្រោមបរិយាកាសសុខសន្តិភាព និងស្ថិរភាពដែលកំពុងមានសព្វថ្ងៃនេះ ដោយត្រូវដើរចៀសឲ្យផុតពីដានប្រវត្តិសាស្ត្រ នៃសង្គ្រាមបែកបាក់រវាងខ្មែរ និងខ្មែរ ហើយរួមគ្នាជាកម្លាំងមហាសាគ្គី ក្នុងការកសាងអភិវឌ្ឍជាតិ និងការលើកកម្ពស់កិត្យានុភាពជាតិ ឲ្យកាន់តែខ្ពង់ខ្ពស់ និងល្បីខ្ទរខ្ទារទូទាំងសាកលលោក។

ទន្ទឹមនេះ ក៏លោកស្នើឱ្យវេញបញ្ចូលគ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបទជាក់ស្តែង ដើម្បីលើកកម្ពស់សច្ចភាព, សុច្ចរិតភាព, កុសលធម៌ ក៏ដូចជាគោលការណ៍សីលធម៌-គុណធម៌ និងការគោរពស្រឡាញ់ ឲ្យតម្លៃគ្នាទៅវិញទៅមក ដែលការណ៍នេះ គឺជាភាពចាំបាច់ និងមិនអាចខ្វះបានក្នុងនៅក្នុងសង្គមរស់នៅមួយប្រកបដោយភាពសុខដុមរមនាសម្រាប់ទាំងអស់គ្នា៕