Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលតួកគី ចាប់ខ្លួនយោធាពាក់ព័ន្ធ ការធ្វើរដ្ឋប្រហារ កើនប្រហែល៦០០០នាក់ ក្រោយធ្វើរដ្ឋប្រហារបរាជ័យ

17-07-2016 17:19

(តួកគី)៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌តួកគី បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលតួកគី ចាប់ខ្លួនយោធាពាក់ព័ន្ធការធ្វើរដ្ឋប្រហារ កើនប្រហែល ៦០០០នាក់ បន្ទាប់ពីការធ្វើរដ្ឋប្រហារពីសំណាក់ យោធាទទួលបរាជ័យ នេះបើយោងតាមស៊ិនហួរ ចេញផ្សាយមុននេះបន្តិចនាល្ងាចថ្ងៃ ទី១៧ ខែកក្ដដា ឆ្នាំ២០១៦នេះ។

សូមជំរាបថា ក្រោយរដ្ឋប្រហារមួយថ្ងៃ ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានដាក់សំណើមួយ ទៅកាន់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ឲ្យធ្វើបត្យាប័ននាំខ្លួនជនសង្ស័យ Fethullah Gulen ត្រឡប់មកកាន់ប្រទេសតួកគីវិញ ដើម្បីបន្តចាត់ការជនរូបនេះ ទៅតាមនីតិវិធីច្បាប់។

កាសែតក្នុងស្រុកតួកគីមួយ ត្រូវបានសារព័ត៌មានអន្តរជាតិដកស្រង់ការផ្សាយ តាមសម្តីរបស់លោក Erdogan ដូច្នេះថា «ខ្ញុំសូមអំពាវនាវឲ្យប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផ្តល់បត្យាប័ន បញ្ជូនខ្លួនជនសង្ស័យដែលកំពុងរស់នៅក្នុងរដ្ឋ Pennsylvania នោះត្រឡប់មកវិញ»។ រដ្ឋាភិបាលតួកគីបានចោទមុខព្រួញ សំដៅទៅលើលោក Gulen តាំងពីខ្លួនទើបតែបានបង្ក្រាបការ ធ្វើរដ្ឋប្រហារបានសម្រេចភ្លាមៗនាពេលទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា មកម្ល៉េះ។

យ៉ាងណាក៏ដោយ សំណើនេះនៅមិនទាន់មានការឆ្លើយតបពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នៅឡើយទេ ខណៈរដ្ឋាភិបាលតួកគីខ្លួនឯង ក៏កំពុងរៀបចំប្រទេសឡើង វិញនៅឡើយ តាមរយៈការពង្រឹងអំណាច និងបោស សម្អាតក្រុមបក្ខពួកនានាដែលចូលដៃក្នុងរដ្ឋប្រហារ នៅទូទាំងប្រទេសនោះ។

សូមបញ្ជាក់ថា WhatsApp ត្រូវបានក្លាយជាឧបករណ៍របស់ក្រុមពួកទាហានក្បត់រដ្ឋាភិបាល ទាក់ទងគ្នាដើម្បីធ្វើរដ្ឋប្រហារ​ទម្លាក់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ចេញពីអំណាច៕