(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានចេញសារនយោបាយមួយជាបន្ទាន់ ដោយអំពាវនាវឲ្យបងប្អូនគាំទ្រគណបក្សភ្លើងទៀន ត្រូវរក្សាភាពស្ងៀមស្ងាត់ និងកុំធ្វើតាមការអំពាវនាវ ព្រមទាំងសកម្មភាពរបស់មេដឹកនាំគណបក្សភ្លើងទៀនឲ្យសោះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការជាបន្ទាន់ មិនឲ្យប្រមូលផ្តុំតវ៉ានោះឡើយ ដោយត្រូវចាប់ខ្លួនភ្លាមៗចំពោះមេដឹកនាំគណបក្សភ្លើងទៀន ទាំងថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ ដោយមិនអនុញ្ញាតឲ្យមានការរំខាននៃការរៀបចំព្រឹត្តិការស៊ីហ្គេមនៅកម្ពុជានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមប្រាប់ទៅថ្នាក់ដឹកនាំគណបក្សភ្លើងទៀន គ្រប់លំដាប់ថ្នាក់ ពួកអ្នកនឹងទទួលរងនូវការឆ្លើយតបដ៏សមរម្យពីអស់លោកអ្នក ប្រសិនបើអស់លោកអ្នកហ៊ានបំផ្លាញ នូវសណ្តាប់ធ្នាប់សាធារណៈ កេរឈ្មោះរបស់កម្ពុជា នៅពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមដ៏ជោគជ័យ»។
សម្តេចតេជោ ហ៊ុន សែន បានព្រមានទៀតថា «សូមឲ្យពន្ធនាគាររៀបចំដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សភ្លើងទៀន ប្រសិនបើគេហ៊ានប្រព្រឹត្តិបទល្មើសទាំងឡាយ សូមកុំញញើតជាមួយនឹងការប្រើប្រាស់ នូវវិធានការច្បាប់ ដើម្បីឆ្លើយតបជាមួយនឹងទង្វើដ៏គ្រោះថ្នាក់របស់គណបក្សភ្លើងទៀន។ ពួកគេធ្វើកំហុសខ្លួនឯង ប៉ុន្តែពួកគេបែរជាបំផ្លាញទៅដល់សណ្តាប់ធ្នាប់និងបំផ្លាញទៅដល់ប្រទេសជាតិ តាមរយៈឲ្យមានចលនាទាមទារ បំផុសឲ្យមានការកៀបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖
សារទី១៖ https://t.me/freshnewsasia/135848
សារទី២៖ https://t.me/freshnewsasia/135849