(ភ្នំពេញ)៖ ក្រុមក្មេងទំនើងចំនួន១៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៦គ្រឿង ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ កាលពីយប់ទាបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈទាំងនេះ នៅចំណុចភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្មេងក្មេងទំនើងមានចំនួន ១៣នាក់ និងឃាត់ម៉ូតូចំនួន០៦គ្រឿង ដែលបង្កភាពអនាធិបតេយ្យ តាមដងផ្លូវសាធារណៈ ហើយធ្វើឲ្យមានការរំខាន និងគ្រោះថ្នាក់ដល់អ្នកដទៃជាយថាហេតុ។

ក្រុមក្មេងទំនើងទាំងនេះត្រូវបានយកមកធ្វើ​ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលយកទៅណែនាំអប់រំបន្ថែម បន្ទាប់ពីសមត្ថកិច្ចអប់រំរួចបានប្រគល់ម៉ូតូឲ្យវិញ៕