(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យកុមារជាតិ ចុះពិនិត្យសុខភាព និងព្យាបាលជំងឺជំងឺជូនប្រជាពលរដ្ឋ ចំនួន ៥៥៧នាក់ ដោយឥតគិតថ្លៃ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋនេះ មានពិនិត្យជំងឺទូទៅ ជំងឺកុមារ អេកូ ជំងឺភ្នែក (មានផ្ដល់ជូនវែនតា) និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួមទាំងផ្ដល់ទេះរុញ ចំនួន ២គ្រឿង ជូនអ្នកជំងឺ ជាអំណោយរបស់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ហើយនឹងមានការផ្ដល់ជូនជាបន្ដបន្ទាប់ បើមានការស្នើសុំពីប្រជាពលរដ្ឋ។ នេះបើតាមការគូសបញ្ជាក់របស់លោកសាស្ដ្រាចារ្យ តាន់ សុគុន ប្រធានក្រុមការងារចុះជួយសង្កាត់អូរបែកក្អម។

លោកសាស្ដ្រាចារ្យ តាន់ សុគុន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទៀតថា «ក្រុមក្រុមគ្រូពេទ្យរបស់យើងនឹងបន្ដចុះមកជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋយើង បើសិនជាមានការស្នើសុំ ។ការពិនិត្យជំងឺជូនប្រជាពលរដ្ឋយើងនេះ ក៏មិនមែនជាលើកទីមួយដែរ គឺយើងបានចុះមកពិនិត្យសុខភាពជូនពួកគាត់ជាញឹកញាប់ អស់រយៈពេលជាង ៧ឆ្នាំមកហើយ»

លោកសាស្ដ្រាចារ្យបន្ដថា សម្រាប់ការពិនិត្យជំងឺជូនប្រជាពលរដ្ឋយើងនេះ មិនមែនធ្វើតែនៅមូលដ្ឋាននេះទេ ក៏មានការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យផងដែរ បើមានស្ថានភាពធ្ងន់ធ្ងរណាមួយ។

សូមជម្រាបថាកន្លងមកនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល គឺតែងតែដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជានិច្ចនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកិច្ចការងារទាំងនេះ គឺជាការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រគល់ជូនផង និងជាភារៈកិច្ចបម្រើប្រជាជនយើងផង ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

ការយកចិត្ដទុក្ខដាក់របស់ថ្នាក់ដឹកនាំ បានធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ដយ៉ាងខ្លាំង និងសម្ដែងនូវភាពសប្បាយរីករាយ និងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ នូវទឹកចិត្ដរបស់ថ្នាក់ដឹកនាំ ដែលតែងតែគិតគូរ ពីសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ៕