(រតនគិរី)៖ លោក វ៉ាន់ សោភា សមាជិកអចិន្ត្រៃយ៍បក្សខេត្ត និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកវ៉ើនសៃ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារបក្ស ចុះមូលដ្ឋានឃុំទាំង៩ ក្នុងស្រុកវ៉ើនសៃ។

ពិធីនេះមានការចូលរួមពីអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកវ៉ើនសៃ, លោក លោកស្រីសមាជិកអចិន្ត្រៃយ៍បក្សស្រុក សមាជិកគណកម្មាធិការបក្សស្រុកជាច្រើនរូប។

លោក ហេង សាវឿន ប្រធានគណកម្មាធិការបក្សស្រុកវ៉ើនសៃអានរបាយការណ៍សង្ខេបរួចមក, លោក វ៉ាន់ សោភាបានថ្លែងថា ក្រោមការងារដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងអាណត្តិកន្លងមក ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចបាននូវសមិទ្ធផល លើគ្រប់វិស័យ ក្នុងនោះសង្កត់ធ្ងន់ជាអាទិភាពគឺការពារសន្តិភាព ការពារឯករាជ្យ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសមិទ្ធផលសង្គមជាតិឲ្យបានរឹងមាំ ស្ថិរភាពគង់វង្ស។

លោកសូមឲ្យសមាជិក សមាជិកាគណបក្សប្រជាជនត្រៀមលក្ខណៈទាំងមធ្យោបាយ និងសម្ភារដើម្បីប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

បន្ថែមលើនេះទៀត លោក វ៉ាន់ សោភា បានជំរុញឲ្យលោក លោកស្រីដែលទើបទទួលបានការចាត់តាំងឲ្យធ្វើប្រធានក្រុមការងារចុះមូលដ្ឋានតាមឃុំនីមួយៗ ត្រូវចុះឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋងាយស្រួលពួកគាត់សំណូមពរ មកយើងដើម្បីយើង មានវិធានការជួយដោះស្រាយកង្វល់ទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ថា សមាសភាពក្រុមការងារចុះមូលដ្ឋានទាំង៩ក្នុងវ៉ើនសៃ រួមមាន៖

១៖ លោក ផេង ប៊ុនវ៉ាត់ អនុប្រធានគណៈកម្មាធិការបក្សស្រុក ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំប៊ុង
២៖ លោក ហេង សាវឿន ប្រធានគណៈកម្មាធិការបក្សស្រុក ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំវ៉ើនសៃ
៣៖ លោក ផុន ជ័យ សមាជិកអចិន្ត្រៃយ៍បក្សស្រុក ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះពាក្យ
៤៖ លោក សុវណ្ណ ប៊ុនហូម អនុប្រធានគណៈកម្មាធិការបក្សស្រុក ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកាចូន
៥៖ លោកស្រី វែង ផាន់នី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះប៉ុង
៦៖ លោក ទឺ នូថង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សស្រុក ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំប៉ាកាឡាន់,
៧៖ លោក ភឿក ហុង សមាជិកអចិន្ត្រៃយ៍បក្សស្រុក ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំហាតប៉ក់
៨៖ លោក យ៉ាត កឿស មាជិកអចិន្ត្រៃយ៍គណៈបក្សស្រុក ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកុកឡាក់
និងទី៩៖ លោក សួស ភឿង សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភ្នំកុក៕