(ស្វាយរៀង)៖ លោក ម៉ឹង កុម្ភៈ អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំរោង ខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យបានដិតដល់ និងធ្វើការឆ្លើយតបជាបន្ទាន់រាល់ការសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ការណែនាំបែបនេះរបស់លោក ម៉ឹង កុម្ភៈ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា បានអញ្ជើញប្រគល់ម៉ាស៊ីនថតចម្លង (ពណ៌) ចំនួន ០១គ្រឿង តម្លៃ ២,០០០ដុល្លារ ជូនដល់រដ្ឋបាលស្រុកចន្ទ្រា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៣នេះ។
នាឱកាសនោះលោកបានបញ្ជាក់ថា ក្នុងករណីសេវាហួសពីសមត្ថភាពឆ្លើយតប ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ នៅតាមវេទិការសាធារណៈណាមួយឱ្យពួកគាត់បានជ្រាប និងអស់ចម្ងល់ផងដែរ។
លោក ម៉ឹង កុម្ភៈ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ដែលជានិច្ចកាលលោកតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកចន្ទ្រា ហើយពលរដ្ឋដែលមានទុក្ខលំបាក លោកតែងតែចាត់ឱ្យក្រុមការងារចុះផ្ទាល់ដោះស្រាយបានទាន់ពេលវេលាផងដែរ។
បន្ថែមលើសពីនេះ លោក ម៉ឹង កុម្ភៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តនាំមកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃដដែលលោក មុឹង កុម្ភៈ បានបន្តដឹកនាំក្រុមការងារថ្នាក់កណ្ដាល ដែលមានការចូលរួមពីលោក ចិន សាធាន អនុប្រធានក្រុមការងារគណបក្សខេត្តចុះជួយឃុំសំរោង, លោក ថន ថាវុទ្ធា ប្រធានគណបក្សស្រុក, លោក គង់ វស្សា អនុប្រធានប្រចាំការគណបក្សស្រុក និងលោក លោកស្រីជាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះជួយឃុំសំរោង ជួបសំណេះសំណាលជាមួយ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំសំរោង លោកលោកស្រី ប្រធាន អនុប្រធាន និងសមាជិកសាខាបក្សភូមិទាំង៣ ក្នុងឃុំសំរោង នៅទីស្នាក់ការគណបក្សឃុំសំរោង។
លោកបានបន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងចែកសម្ភារជូនដល់គ្រួសារប្រជាពលរដ្ឋជួបការលំបាកនៅភូមិកោះក្បានខាងជើងឃុំសំរោង ចំនួន ១២គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម មី ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៉ីវ ០១យួរ សារ៉ុង ០១ ក្រមា ០១ ត្រីខ ០១យួរ និងថវិកា ៥០,០០០រៀល សរុបការចំណាយសកម្មភាពជាថវិកាចំនួន ៣,១៥៦,០០០រៀល និង ២,០០០ដុល្លារ៕