(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមឯកទេសផលិតផលហាឡាលកម្ពុជា ដែលតំណាងពីស្ថាប័នចំរុះ រួមមានក្រសួងធម្មការ និងសាសនា, ក្រសួងពាណិជ្ជកម្ម, ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ពិនិត្យលក្ខណៈបច្ចេកទេសហាឡាល នៃការរៀបចំម្ហូបអាហារ នៅសាលអាហារភូមិកីឡា នៃពហុកីឡដ្ឋានមរតកតេជោ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការររៀបចំម្ហូបអាហារសម្រាប់ទទួលអត្តពលិកជាតិ និងអន្តរជាតិ របស់គណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា បានរៀបចំទទួលនូវម្ហូបអាហារដែលមានលំដាប់ស្តង់ដារអនាម័យ-ហាឡាល ១០០ភាគរយ ដែលអត្តពលិកគ្រប់ជាតិសាសន៍អាចទទួលទានបាន ជាពិសេសអត្តពលិកជាសានិកឥស្លាម ដែលចាំបាច់ត្រូវទទួលទានម្ហូបហាឡាល ហើយកាន់តែពិសេសទៅទៀតនោះ រាល់ការហូបចុកទាំងអស់នេះ រដ្ឋាភិបាលកម្ពុជា រ៉ាប់រងទាំងស្រុង ដោយមិនមានគិតថ្លៃអ្វីឡើយ។
ការដាក់ឲ្យរៀបចំសេវាម្ហូបអាហារជាស្តង់ដារហាឡាលតែមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ គឺជាលក្ខណៈដ៏វិសេសបំផុតបង្ហាញភាពទាក់ទាញ និងការកោតសរសើរពេញចិត្តដល់អត្តពលិកគ្រប់ជាតិសាសន៍មកដល់កម្ពុជាជាម្ចាស់ផ្ទះ។
ក្នុងនាមគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន ហ្វាន់ហ្វូដ ឯក ដែលទទួលផ្តាច់មុខរៀបចំផ្នែកម្ហូបអាហារ នឹងបន្តអនុវត្តការរៀបចំសេវារបស់ខ្លួន ឲ្យបានកាន់តែប្រសើរថែមទៀត ជាពិសេសការអនុឡោមទៅតាមកម្រិតស្តង់ដារហាឡាល ដើម្បីជាគំរូល្អសម្រាប់រអនុវត្តទៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅពេលខាងមុខទៀត។
គួរជម្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួល និងបំពេញសេចក្តីត្រូវការដល់អត្តពលិកជាសាសនិកឥស្លាម នៅភូមិកីឡានេះ ក៏ត្រូវបានរៀបចំឲ្យមានបន្ទប់ថ្វាយបង្គុំប្រតិបត្តិធម៌តាមប្រពៃណីសាសនាឥស្លាម ចំនួន២បន្ទប់ផងដែរ៕