(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមដំណើរដោយអភិបាលខណ្ឌមានជ័យ ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំថវិកា ព្រមទាំងអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពទីទ័លក្រចំនួន ២០គ្រួសារ នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ក្នុងឱកាសនោះដែរ លោក ស ថេត ក៏បានណែនាំប្រជាពលរដ្ឋសូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់គ្នាៗ ដើម្បីការពារសន្តិភាព ស្ថិរភាព និងនាំប្រទេសជាតិឱ្យមានការកសាងអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។
ឧត្តមសេនីយ៍ឯក ស ថេត ក៏លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវបន្តការខិតខំប្រឹងប្រែងតស៊ូក្នុងជីវិតដោយកុំអស់សង្ឃឹម ជាពិសេសប្រឹងប្រែងប្រកបមុខចិញ្ចឹមជីវិត ដើម្បីឱ្យជីវភាពប្រសើរឡើង ជាមួយគ្នានោះក៏ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រុមការងារចុះជួយតាមមូលដ្ឋានត្រូវ ពិនិត្យដោះស្រាយប្រជាពលរដ្ឋដែលមានជីវភាពលំបាកដោយមិនឱ្យបងប្អូនណាម្នាក់ដាច់បាយស្លាប់នោះទេ។
ជាក់ស្តែងនៅថ្ងៃនេះលោកបានទទួលព័ត៌មានពីក្រុមការងារថាមានបងប្អូនចំនួន២០គ្រួសារ មានជីវភាពលំបាកក៏បានអញ្ជើញមកសំណេះសំណាលផ្ទាល់ជាមួយបងប្អូន ហើយពិនិត្យឃើញថាបងប្អូនពិតជាមានជីភាពភាពលំបាកនឹងបាននាំយកអំណោយមួយចំនួនដើម្បីឧបត្ថម្ភជូនបងប្អូនក្នុងការសម្រួលដោះស្រាយជីភាពបងប្អូនបានមួយរយៈផងដែរ។ កិច្ចការងារសប្បុរសនេះគឺក្រុមការងារក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតែបន្តដោះស្រាយគ្រប់ប្រជាពលរដ្ឋដែលមានជីវភាពលំបាក ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយ។លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជាមួយបងប្អូនបន្ថែមទៀត។
ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំប្រជាពលរដ្ឋត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ពីព្រោះថាគ្រឿងញៀនបានបង្កផលប៉ះពាល់ដល់អំពើអសន្តិសុខសង្គម ប៉ះពាល់សង្គមគ្រួសារ ប៉ះពាល់សុខភាព អាយុជីវិតខ្លួនឯង និងក៏ត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីនាំមកសុខសុវត្ថិភាពអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃផងដែរ។
នៅក្នុងកាសនោះប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជា្រលជ្រៅបំផុតចំពោះឧត្តមសេនីយ៍ឯក ស ថេត និងក្រុមការងារ ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងបានអញ្ជើញមកសាកសួរសុខទុក្ខពួកគាត់ដល់ខ្នងផ្ទះ ដោយក៏មានចិត្តសន្តោសឧបត្ថម្ភជាអំណោយជូនដល់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានឧបត្ថម្ភជូនបងប្អូន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១ការ៉ុង ទឹកសុទ្ធ៣កេស ទឹកស៊ីអ៉ីវ១យូរ ទឹកត្រី១យូរ ត្រីខ១យួរ មី១កេស និងថវិកាចំនួន ១០ម៉ឺនរៀល៕