(ព្រះសីហនុ)៖ កាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានជួបសំណេះសំណាលជាមួយកងទ័ពជើងទឹកឥណ្ឌាចំនួនពីរគ្រឿង គឺនាវាចម្បាំង Delhi និង នាវាចម្បាំង Satpura ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការរងនាយសេនាធិការមូលដ្ឋានសមុទ្រ អភិបាលរងខេត្ត រួមនឹងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ការចូលចតនាពេលនេះក្រោមការបញ្ជារបស់មបញ្ជាការកងនាវាចរបូព៌ា (FOCEF) ដឹកនាំដោយឧត្តមនាវីឯក Gurcharan Singh ធ្វើការចូលចតនៅកំពង់ផែក្រុងព្រះសីហនុចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។
លោកឧត្តមនាវីឯក Gurcharan Singh មេបញ្ជាការនាវា បានឲ្យដឹងថា នាវានេះគឺជានាវាពិឃាតដំបូងបង្អស់របស់ឥណ្ឌាដែលសាងសង់ឡើងក្នុងស្រុកគឺ INS Delhi និង INS Satpura ដែលជានាវាចម្បាំងមានមីស៊ីលនាំផ្លូវ ដែលផលិតក្នុងស្រុកដូចគ្នា រួមជាមួយនឹងយន្តហោះល្បាតដែនសមុទ្រ P8 នឹងមកដល់ប្រទេសកម្ពុជា បន្ទាប់ពីបានចូលរួមក្នុងពិធីសម្ពោធសមយុទ្ធដែនសមុទ្រអាស៊ានឥណ្ឌា។
ក្រោយពីមានការពិភាក្សារវាងបុគ្គលិកកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជា (RCN) មក ក៏មានកម្មវិធីចូលជួបសម្តែងការគួរសម្យជាផ្លូវការ និងការប្រាស្រ័យទាក់ទងជាមួយឥស្សរជនរបស់រដ្ឋាភិបាលកម្ពុជា និងមានការរៀបចំដំណើរទេសចរណ៍សម្រាប់បុគ្គលិកកងទ័ពជើងទឹកឥណ្ឌា និងព្រឹត្តិការណ៍កីឡាជាមួយកងទ័ពជើងទឹកកម្ពុជា។
អ្នកនៅក្នុងតំបន់នឹងទទួលបានឱកាសទៅទស្សនានាវាចម្បាំងឥណ្ឌាផងដែរ។ នាវានេះក៏នឹងបើកឱ្យចូលទស្សនាពីសំណាក់មន្ត្រី និងទាហានជើងទឹក នៃកងទ័ពជើងទឹកកម្ពុជា សេនានុព័ន្ធការពារបរទេស និងមន្ត្រីកងរាជអាវុធហត្ថ និងកំពង់ផែផងដែរ។
ទំនាក់ទំនងទ្វេភាគីឥណ្ឌា-កម្ពុជា ត្រូវបានពង្រឹងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លើវិស័យសាសនា និងសេដ្ឋកិច្ច ដោយសារការកើនឡើង នៃការចូលរួមរបស់ភាគីទាំងពីរលើគ្រប់វិស័យ។ លោកមេបញ្ជាការក៏បានបញ្ជាក់បន្ថែមថា កាលពីឆ្នាំមុន យើងមានដំណើរទស្សនកិច្ចជាន់ខ្ពស់ជាច្រើនដូចជាដំណើរទស្សនកិច្ចអនុប្រធានាធិបតី Shri Jagdeep Dhankar និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា Dr SJaishankar បានមកទស្សនកិច្ច នៅភ្នំពេញដើម្បីចូលរួម កិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ា ហើយក៏ដូចជាមានទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ Shri Rajnath Singh ដែលបានធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ចូលរួមកិច្ចប្រជុំ ADMM បូក។
កាលពីខែកុម្ភៈថ្មីៗនេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ហើយបាន ចុះហត្ថលេខាលើលក្ខខណ្ឌ យោងជាមួយនឹង COAS នៃកងទ័ពឥណ្ឌា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានចូលរួម AERO India ២០២៣ នៅ Bangulru។
ដំណើរទស្សនកិច្ចរបស់នាវាយើងនេះ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការដែនសមុទ្ររវាងកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជា។ ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព ដ៏រឹងមាំរវាងប្រទេស ទាំងពីរ នឹងរួមចំណែកដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់និងពិភពលោកទាំងមូល។
នាវាទាំងពីររបស់កងទ័ពជើងឥណ្ឌាមានលក្ខណៈបច្ចេកទេសដូចខាងក្រោម៖
*ទី១៖ នាវាឈ្មោះ INS DELHI (D61) ប្រភេទ នាវាពិឃាត មានបណ្ដោយ១៦៣,២០ម៉ែត្រ, ទទឹង១៧,៤០ម៉ែត្រ, ជម្រៅទឹក៦,៦០ម៉ែត្រ, ទំងន់ផ្ទុក៦៨០៨តោន ចំនួននាវឹក៤៥០នាក់ ដឹកនាំដោលោក វរនាវីឯក SHIRAZ HUSSAIN ជាមេបញ្ជាការនាវា។
*ទី២៖ នាវាឈ្មោះ INS SATPURA (F48) ជាប្រភេទនាវាប្រយុទ្ធ មានបណ្ដោយ១៤៣ម៉ែត្រ, ទទឹង១៦,៩០ម៉ែត្រ, ជម្រៅទឹក ៦.៩០ម៉ែត្រ, ទំងន់ផ្ទុក៥៣០០តោន ចំនួននាវឹក៣៩៥នាក់នាក់ ដឹកនាំដោយលោក វរនាវីឯក KARTIK MURTHY ជាមេបញ្ជាការនាវា៕