(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ មានការរៀបចំ «ពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក» ក្រោមអធិបតីភាព លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការ កណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារយុវជនគណបក្សរាជធានី និង លោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌទួលគោក និងជាប្រធានក្រុមការងារយុវជនគណបក្សខណ្ឌទួលគោក ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម-លោកជំទាវ លោក-លោកស្រី ជាសមាជិក-សមាជិកា ក្រុមការងារយុវជនគណបក្ស រាជធានី តំណាងប្រធានក្រុមការងារយុវជនគណបក្សខណ្ឌទាំង១៤ និងសកម្មជនយុវជនគណបក្ស អញ្ជើញមានវត្តមានចូលរួមក្នុងអង្គពិធីសរុប ចំនួន ១៩៥០នាក់។

បន្ថែមលើការពាំនាំប្រសាសន៍ផ្តាំផ្ញើ និងការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោក ឃួង ស្រេង ប្រធានគណបក្សរាជធានី, សេចក្តីរាយការណ៍ និងការប្តេជ្ញាចិត្ត របស់លោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌទួលគោក និងជាប្រធានក្រុមការងារ យុវជនគណបក្សខណ្ឌទួលគោក, លោក នួន ផារ័ត្ន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មជនយុវជនគណបក្សទាំងអស់ ដែលតែងតែផ្តល់ជំនឿចិត្ត និងការគាំទ្រដល់គណបក្ស និងថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា ព្រមទាំងបានជម្រាបជូនអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៃស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសសមត្ថភាព និងសមិទ្ធផល នៃការដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា នាំទៅរកការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡា ផងដែរ ដែលក្នុងពេលនេះកម្ពុជាកំពុងទទួលបានកិត្តិយសដ៏ឧត្តុង្គឧត្តម ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ក្នុងឱកាសនៃពិធី សកម្មជនយុវជនគណបក្សទាំង ១៩៥០នាក់ បានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីឱ្យគណបក្សបានបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕