(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងរងគ្រោះដែលធ្វើឱ្យប៉ះពាល់ឈ្មោះ និងកិត្តិយសរបស់ខ្លួន ក្រោយពីមនុស្សមួយក្រុមដែលអះអាងថាពួកគេ ជាក្រុមហ៊ុនកម្ចីប្រាក់រហ័សបានយករូបថតពួកគាត់ ទៅបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយចោទប្រកាន់ថាជំពាក់លុយ ខណៈដែលពលរដ្ឋរងគ្រោះទាំងនោះ មិនបានដឹងខ្លួនអ្វីទាល់តែសោះ។

ជាក់ស្តែងស្ត្រីរងគ្រោះពីរនាក់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានស្ត្រីម្នាក់ឈ្មោះ ស្រី អូន (Srey Oun) ដែលអះអាងថា ជាក្រុមហ៊ុន «កម្ចីរហ័ស» បានយករូបថតគាត់ទាំងពីរនាក់ ទៅបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយចោទប្រកាន់ពួកគាត់ថា ជាជនឆបោកលុយជាមួយបុគ្គលផ្សេងទៀត ខណៈដែលពួកគាត់ទាំងពីរនាក់ មិនបានដឹងខ្លួនទាល់តែសោះ ហើយក៏មិនដែលស្គាល់កូនបំណុល រឿងខ្ចីលុយ ខ្ចីកាក់នេះឡើយ។

ក្រោយឃើញបង្ហោះរូបថតម្តាយ និងម្តាយមីងរបស់ខ្លួននៅលើបណ្តាញសង្គម Facebook លោក រិទ្ធ ដែលជាកូនប្រុសបានទាក់ទងទៅស្ត្រីឈ្មោះ ស្រី អូន ដែលតំណាងក្រុមហ៊ុនខ្ចីប្រាក់រហ័ស ដើម្បីធ្វើការសួរនាំ និងសុំឱ្យដក រូបថតម្តាយ និងម្តាយមីងរបស់ខ្លួនចេញពីបណ្តាញសង្គម Facebook ដោយសារតែពួកគាត់មិនដែលស្គាល់កូនបំណុលណាមួយនោះឡើយ។

បើទោះបីជាមានការស្នើសុំពីសាច់ញាតិស្ត្រីរងគ្រោះទាំងពីរនាក់ ក៏ឈ្មោះ ស្រី អូន ដែលមានលេខទូរស័ព្ទ៖ ០៦៦ ៦៤០ ១៣៨ មិនព្រមដកចេញពីបណ្តាញសង្គម Facebook នោះឡើយលុះត្រាតែកូនបំណុលរបស់ខ្លួន ដែលអអអាងថាមានឈ្មោះ តាំ ឌុចចាន់ឌី សងប្រាក់រួចរាល់ និងបានបោះពាក្យសម្តីថា «ចង់ទៅប្តឹងដល់ណា ក៏ប្តឹងទៅ ពួកគេមិនខ្លាចឡើយ»។

សាច់ញាតិស្ត្រីរងគ្រោះបាននិយាយថា ស្ត្រីឈ្មោះ តាំ ឌុចចាន់ឌី រស់នៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលរងគ្រោះការចោទប្រកាន់ជំបាក់លុយក្រុមហ៊ុនកម្ចីប្រាក់រហ័សរបស់ស្ត្រីឈ្មោះ ស្រី អូន នោះ គឺម្តាយ និងម្តាយមីងរបស់ខ្លួន មិនដែលស្គាល់ទាល់តែសោះបែរជាម្នាក់ឈ្មោះ ស្រី អូន យករូបម្តាយ និងម្តាយមីង ទៅបង្ហោះ និងសរសេរលើរូបភាពថា «ឆបោកលុយ ជាមួយ តាំ ឌុចចាន់ឌី»

ជាមួយនឹងអំពើរងគ្រោះដែលនាំឱ្យប៉ះពាល់ដល់ឈ្មោះ កិត្តិយស និងមុខមាត់របស់ខ្លួន, ស្ត្រីគ្រោះ និងសាច់ញាតិសូមអំពាវនាវឱ្យសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ស្ថាប័នធនាគារជាតិ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះ បុគ្គលទាំងនេះដែលតែងតែប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ មិនខ្លាចរអែងច្បាប់ទម្លាប់អ្វីនោះឡើយ។

ជាការកត់សម្គាល់បទល្មើសកម្ចីប្រាក់តាម Online ក៏ដូចជាការយករូបថតជនរងគ្រោះដែលមិនបានដឹងអ្វីសោះនោះ បង្ហោះនៅលើបណ្តាញសង្គម Facebook តែងតែកើតមានឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យប៉ះពាល់កិត្តិយស និងកេរ្តិ៍ប្រជាពលរដ្ឋស្លូតត្រង់មិនតិចឡើយ៕

ស្រ្តីឈ្មោះ ស្រី អូន ដែលយករូបគេទៅបង្ហោះ ដោយចោទប្រកាន់ថាជំពាក់ប្រាក់ជាមួយបុគ្គលផ្សេងទៀត

ស្រ្តីរងគ្រោះទាំង២នាក់ ដែលត្រូវបានស្រ្តីឈ្មោះ ស្រី អូន យកទៅបង្ហោះទាំងគ្មានការពិត