(កំពង់ចាម)៖ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន ១,៤២៣នាក់ មកពីសង្កាត់បឹងកុក ៧១១នាក់ និងសង្កាត់សំបួរមាស ៧១២នាក់ ដើម្បីរួមកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែង យកជ័យជម្នះក្នុងការបោះឆ្នោតសកលនាពេលខាងមុខ ក៏ដូចជាកសាងជីវភាពបក្សឱ្យកាន់តែរីកចម្រើន ការពារសមិទ្ធផលដែលមានស្រាប់ និងកសាងបន្ថែមសម្រាប់គណបក្ស ក៏ដូចជាប្រជាជនក្នុងមូលដ្ឋានផងដែរ។

ពិធីបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅផ្ទះសួនក្រញូង ក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាពលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិកាបក្សប្រជាជនខេត្តកំពង់ចាម។

ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកថ្មីនេះ លោក អ៊ុន ចាន់ដា បានណែនាំដល់ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ ឬក៏ជួបបញ្ហាផ្សេងៗពិសេសគឺផ្សារភ្ជាប់ទៅនឹងការផ្ដល់ ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់។

លោក អ៊ុន ចាន់ដា បានបន្តថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន ជាការងារសំខាន់មួយ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ផងដែរ។

លោកបានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយពីគោលនយោបាយគណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕