(ព្រៃវែង)៖ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង ក្រោមការណែនាំពីលោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជន ខេត្តព្រៃវែង បានចុះចែករំលែកបទពិសោធន៍ការសិក្សា ដល់សិស្សានុសិស្ស២១៥នាក់ នៃវិទ្យាល័យក្នុងស្រុកបាភ្នំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
ការចែករំលែកបទពិសោធន៍នេះ ធ្វើឡើងជា២ផ្នែក គឺទី១ផ្នែកវិទ្យាសាស្ដ្រសង្គម ២ផ្នែកវិទ្យាសាស្រ្ដពិត និងបង្ហាញពីប្រការគួរប្រុងប្រយ័ត្ន មុនពេលប្រលង ព្រមទាំងប្រការគួរធ្វើ និងមិនគួរធ្វើក្នុងពេលប្រលង។
ក្រុមការងារ បានបញ្ជាក់ថា យុទ្ធនាការនេះ នឹងធ្វើទូទាំងខេត្តព្រៃវែង ឲ្យបានចប់មុនការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ ហើយយុទ្ធនាការនេះ ក្រុមការងារបានរៀបចំវគ្គបំប៉ន (រៀនគួរ) មុខវិជ្ជាលំហាត់សំខាន់ៗ រយៈពេល៤ខែមុនការប្រលង មកដល់ផងដែរ។
ក្រុមការងារបានបន្ដថា បេសកកម្មនេះ គណបក្សប្រជាជនកម្ពុជា ពុំបានគិតអំពីនិន្នាការនយោបាយបន្តិចណាឡើយ គឺធ្វើដើម្បីយុវជន ខ្មែរទាំងអស់គ្នា ក្នុងបំណងចង់ឲ្យប្អូនៗជាប់បាក់ឌុប និងរៀនបន្ត ទៅឧត្ដមសិក្សាឲ្យបានកាន់តែច្រើន។
ក្នុងនោះដែរ ក្រុមការងារក៏បានប្រកាសថា ផ្ដល់រង្វាន់ម៉ូតូ១គ្រឿង ដល់ប្អូនៗណា ដែលប្រលងជាប់បាននិទ្ទេស A និងបែបបទស្នើសុំ អាហារូបករណ៍ពីលោកផ្ទាល់ផងដែរ។
ជាចុងក្រោយ ក្រុមការងារក៏បានផ្ដាំផ្ញើរ និងជូនពរ ឲ្យប្អូនសិស្សានុសិស្ស ខិតខំប្រឹងប្រែង ក្នុងការយកចិត្តទុកដាក់រៀនសូត្រដើម្បីប្រលង ឲ្យលទ្ធផលល្អគ្រប់ៗគ្នា៕