(ភ្នំពេញ)៖ ព្រះចៅអធិរាជជប៉ុន Naruhito ទ្រង់សព្វព្រះហឫទ័យប្រទានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» (គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២០) ជូនដល់លោកបណ្ឌិត អាំង ជូនលាន សាស្ត្រាចារ្យនៃមហាវិទ្យាល័យបុរាណវិទ្យា នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ការទទួលគ្រឿងឥស្សរិយយសនេះ គឺជាការទទួលស្គាល់ការចូលរួមចំណែករបស់លោកលើកការកម្ពស់ចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។
ពិធីប្រគល់គ្រឿងឥស្សរិយយសនេះ ត្រូវបានធ្វើក្រោមវត្តមានលោក អ៊ូអិណុ អាត់ស៊ូស៉ី ឯកអគ្គរាជទូត ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សឺន ស៊ូប៊ែរ្តិ៍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងភ្ញៀងកិត្តិយសជាច្រើនរូបទៀត នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ នៅឯនិវាសនដ្ឋានរបស់ ឯកអគ្គរាជទូតជប៉ុន។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានចូលរួមអបអរសាទរយ៉ាងស្មោះចំពោះលោកសាស្ត្រាចារ្យ អាំង ជូលាន ក្នុងឱ កាសនេះ។ ដើមឡើយ ពិធីនេះគួរតែត្រូវបានធ្វើឡើងនៅដើមឆ្នាំមុន ប៉ុន្តែយើងសូមអភ័យទោសចំពោះ ការពន្យារពេលដោយសារតែការរីករាលដាលនៃកូវីដ១៩។
ឆ្លៀតក្នុងឱកាសនេះ ឯកអគ្គរាជទូតជប៉ុន បានរៀបរាប់ត្រួសៗនូវសមិទ្ធផលរបស់លោកបណ្ឌិត អាំង ជូលាន ក្នុងការជំរុញការផ្លាស់ប្តូរការសិក្សារវាងប្រទេសជប៉ុន និងកម្ពុជា និងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្ស និងជួសជុលបេតិកភណ្ឌ។ ក្នុងនាមជាអ្នកសិក្សានរវិទ្យានៃប្រទេសកម្ពុជា លោកសាស្ត្រាចារ្យបានសិក្សាអំពីទំនៀមទម្លាប់ និងវប្បធម៌នៃរបៀបរស់នៅរបស់ខ្មែរអស់ពេលជាច្រើនឆ្នាំដោយឈរលើទស្សនៈនរវិទ្យា ហើយលោកបានរួមចំណែកដល់ការរស់ឡើងវិញនៃវប្បធម៌របស់ប្រទេសកម្ពុជា នាពេលដែលអ្នកស្រាវជ្រាវជាច្រើនបានបាត់បង់ជីវិតក្នុងសង្គ្រាមស៊ីវិល។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរំលឹកថា នៅឆ្នាំ១៩៩២ ប្រាសាទអង្គរត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងជាបេតិកភណ្ឌពិភពលោកក្នុងគ្រោះថ្នាក់ ហើយនៅឆ្នាំបន្ទាប់ឆ្នាំ១៩៩៣ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សប្រាសាទអង្គរ (Angkor ICC) ត្រូវបានបង្កើតឡើងដោយប្រទេសជប៉ុន និងប្រទេសបារាំងធ្វើជាសហប្រធាន។
ឆ្នាំនេះគឺជាខួបលើកទី៣០ នៃការបង្កើត Angkor ICC លោកសាស្ត្រាចារ្យ អាំង ជូលាន មានការយល់ដឹងខ្ពស់អំពីប្រជាជន និងវប្បធម៌កម្ពុជា ហើយបានក្លាយជាប្រធាន និងជាទីប្រឹក្សានាយកដ្ឋានកិច្ចការបុរាណវត្ថុ និងវប្បធម៌ នៃអាជ្ញាធរដើម្បីការពារ រមណីយដ្ឋាន និងរៀបចំតំបន់អង្គរ (ហៅថាអាជ្ញាធរអប្សរា) ដែលបង្កើតឡើងក្នុងប្រទេសកម្ពុជាក្នុង ឆ្នាំ១៩៩៥។ ក្នុងនាមជាអ្នកស្រាវជ្រាវដែលមានចំណេះដឹង និងជាថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរា លោកសាស្ត្រាចារ្យបានគាំទ្រយ៉ាងពេញទំហឹងដល់ការអភិរក្ស និងជួសជុលប្រាសាទអង្គរ។ តាមរយៈដំបូន្មានសិក្សាបច្ចេកទេសរបស់លោកសាស្ត្រាចារ្យ អាំង ជូលាន បានផ្ដល់ទំនុកចិត្តលើគម្រោងរបស់ស្ថានប័នជប៉ុនដែលពាក់ព័ន្ធ ហើយគម្រោងអភិរក្ស និងជួសជុលប្រាសាទអង្គរបានដំណើរការយ៉ាងរលូន និងបង្កើនវត្តមានរបស់ជប៉ុនក្នុងឋានៈជាសហប្រធានផងដែរ។
សាស្ត្រាចារ្យ អាំង ជូលាន ក៏បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងល្អជាមួយអ្នកពាក់ព័ន្ធការជួលជុល និងអ្នកស្រាវជ្រាវក្នុងវិស័យបេតិកភណ្ឌនៅក្នុងប្រទេសជប៉ុន។ ជាពិសេសចំពោះសាកល វិទ្យាល័យសូហ្វីយ៉ លោកសាស្ត្រាចារ្យបានណែនាំយ៉ាងយកចិត្តទុកដាក់លើការអភិរក្សជួសជុលស្ពានហាលខាងលិចអង្គរវត្ត និងសកម្មភាពស្រាវជ្រាវ និងអភិរក្សជួសជុលប្រាសាទបន្ទាយក្តី។ លោកសាស្ត្រាចារ្យ ក៏បានចូលរួមចំណែកក្នុងវឌ្ឍនភាពនៃគម្រោងអភិរក្ស និងជួសជុលប្រាសាទ បាយ័ន ដែលដឹកនាំដោយក្រុមសង្គ្រោះប្រាសាទអង្គររបស់រដ្ឋាភិបាលជប៉ុន ដោយការណែនាំតាមបែបសិក្សាបច្ចេកទេស និងចុះពិនិត្យទីតាំងជាក់ស្ដែង។
លោកបណ្ឌិត អាំង ជូលាន បានឱ្យដឹងថា នេះជាលើកទី២ហើយ ដែលលោកទទួលកិត្តិយសខ្ពង់ខ្ពស់ពីជប៉ុន។ លើកទីមួយកើតឡើងនៅឆាំ្ន២០១១។ កាលនោះក្រុង Fukuoka ឱ្យរង្វាន់មួយហៅថា Grand Prize ដែលគេតែងផ្តល់ឱ្យទៅនរណាម្នាក់ជា រៀងរាល់ឆ្នាំមិនថាអ្នកនោះមានជាតិសាសន៍អ្វីទ។
រង្វាន់ក្រុង Fukuoka កាលនោះ និងឥស្សរយសរដ្ឋាភិបាលជប៉ុន សុទ្ធសឹងជាការលើកទឹក ចិត្តដោយមានការទទួលស្គាល់លើការងារផ្សេងៗ ធ្វើឡើងក្នុងវិស័យសិក្សាស្រាវជ្រាវ និងវិស័យវប្បធម៌ លើសពីការសម្លឹងឃើញតែប្រយោជន៍ផ្ទាល់ខ្លួន គឺថាជាប្រយោជន៍សាធារណ៍ទូទៅ។
លោកបណ្ឌិត បានបង្ហើបថា៖ «ក្នុងជីវិតខ្ញុំនេះ ខ្ញុំមានទទួលឥទ្ធិពលវប្បធម៌ពីបរទេសច្រើន។ ក្នុងនោះ មួយភាគមកពីជប៉ុនតាំង ពីនៅជាយុវជននៅឡើយ ជាពិសេសដោយសារចូលចិត្តមើលកុនបែបប្រជាប្រិយ៍ ពោរពេញទៅដោយការប្រយុទ្ធគ្នាដោយអាវុធ ក្នុងនោះមាន samurai ឬក៏ពួក yakuza ជាដើម។ តែកាលនោះខ្ញុំមិនដឹងខ្លួនទេ ទាល់តែយូរបន្តិចក្រោយមក ពេលដែលខ្ញុំចាប់ផ្តើមអានប្រលោមលោកជាអក្សរសាស្ត្រ classie និងចាប់ផ្តើមមើលកុនដែលមានលក្ខណៈ classic ដូចគ្នា ទើបខ្ញុំដឹងខ្លួនបន្តិចម្ដងៗថាមានអ្វីមួយនៅក្នុងវប្បធម៌ជប៉ុន ដែលជ្រាបចូលមកក្បាលខ្ញុំបន្តិចម្តងៗ»៕