(កំពង់ធំ)៖ ក្រុមគ្រូពេទ្យខេត្តកំពង់ធំ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រះសង្ឃ ដោយមិនគិតថ្លៃ ចំនួន៥៧៣អង្គ/នាក់ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ នៅមូលដ្ឋានឃុំទ្រៀល ស្រុកតាំងគោក។
ថ្លែងក្នុងឱកាសនោះ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ក្រៅពីការអភិវឌ្ឍកសាងនូវហេដ្ឋារចនាសម្ព័ន្ធអាជ្ញាធរ បានយកចិត្តទុកដាក់គិតគូរចំពោះសុខភាពរបស់ប្រជាពលរដ្ឋ តាមរយៈការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ពោលគឺគិតគូរទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។
លោក ចាន់ តារា បានថ្លែងនូវការកោតសរសើររបស់រដ្ឋបាលស្រុកតាំងគោក ដែលបានសហការជាមួយក្រុមគ្រូពេទ្យ យកចិត្តទុក្ខដាក់គិតគូរពីសុខភាពប្រជាពលរដ្ឋ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ដេីម្បីជាការចូលរួមកាត់បន្ថយការចំណាយរបស់ពលរដ្ឋនៅពេលដែលមានជំងឺឈឺថ្កាត់ ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាទៅមន្ទីរពេទ្យរដ្ឋនិងឃ្លីនិចឯកជន ហើយការពិនិត្យព្យាបាលដោយមិនប្រកាន់បក្ខពួកសាសនា ឬនិន្នាការនយោបាយអ្វីឡេីយ។
លោកបន្ដទៀតថា សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិយេីងមានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ តាមរយៈការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ដូច្នេះសូមប្រជាពលរដ្ឋរួមគ្នា ថែរក្សាសុខសន្តិភាព និងស្ថេរភាពគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ឲ្យបានគង់វង្សដេីម្បីបន្តការអភិវឌ្ឍ ជាពិសេសការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕