(កំពង់ស្ពឺ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញធ្វើបឋកថាស្តីពី «ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា» ជូនសិក្ខាកាមវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និងបច្ចេកទេសអក្សរសម្ងាត់ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ចំនួន២៣៧នាក់ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានអានរបាយការណ៍ស្វាគមន៍ និងលើកឡើងពីបញ្ហាលំបាកមួយចំនួនរបស់សាលារួចមក, លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើបាឋកថា ស្តីពី «ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា» ដោយបានលើកឡើងពី «សុខសន្តិភាព ស្ថេរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច បានបង្កលក្ខណៈឲ្យក្រសួងបរិស្ថាន សម្រេចបាននូវសមិទ្ធផលជាច្រើន»។

លោករដ្ឋមន្ដ្រី បានបន្តថា កត្តាសុខសន្តិភាព បានធ្វើឲ្យប្រជាជនកម្ពុជា ងាកចេញពីការពឹងផ្អែកទាំងស្រុងលើធនធានធម្មជាតិ មកប្រកបរបរកសិកម្មបែបប្រពៃណីលក្ខណៈគ្រួសារ មកជាឧស្សាហកម្មពឹងលើគ្រឿងចក្រ និងបញ្ញាសិប្បនិមិត្ត ហើយបានផ្លាស់ប្តូរផ្នត់គំនិតវិជ្ជមាន និងការប្រតិបត្តិមេត្រីភាពបរិស្ថាន។

លោកបានគូសបញ្ជាក់ថា សច្ចធម៌ប្រវត្តិសាស្ត្រ និងដំណើរកម្ពុជា គឺជាគ្រឹះដែលយើងទាំងអស់គ្នាក្នុងនាមជាកូនខ្មែរ ជាមន្រ្តីរាជការស៊ីវិល ជានគរបាល និងជាកងកម្លាំងគ្រប់ប្រភេទ ត្រូវយល់អោយច្បាស់ថា យើងចេញពីសមុទ្រឈាម គំនរឆ្អឹង និងផេះផង់នៃសង្គ្រាម ដោយសារ «គោលនយោបាយ ឈ្នះឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ស្ថិរភាពនយោបាយ និងការឯកភាពជាតិពេញលេញ ដែលមិនធ្លាប់មានក្នុងរយៈពេលប្រហែល៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្ត្រដ៏យូរលង់ របស់ប្រទេសកម្ពុជា ហើយកម្ពុជាកំពុងឆ្ពោះទៅការបើកទំព័រសករាជថ្មី ជាសង្គមស៊ីវិល័យ រដ្ឋរឹងមាំ រស់រវើក ប្រជាជនមានសមត្ថភាព មានការរំពឹងទុកខ្ពស់ជាងមុន ចង់បានបរិស្ថានស្អាត និងបៃតង។

បើតាមលោករដ្ឋមន្ដ្រី សាយ សំអាល់ ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យបរិស្ថាន មានបេសកកម្មដឹកនាំ និងគ្រប់គ្រង កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ សម្បត្តិធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។ លោកបានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន មានវិស័យសំខាន់ចំនួន៦៖

*ទី១៖ អគ្គនាយកដ្ឋានគោលនយោបាយ៖ ជាអ្នកគូសវាសគោលនយោបាយវិស័យបរិស្ថានឲ្យស្របទៅនឹង កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាបាលភិបាលដើម្បីរួមចំណែកដល់ការសម្រេចចិត្តឲ្យបានត្រឹមត្រូវ

*ទី២៖ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ៖ ជាអ្នកគាំទ្រដល់ដំណើរការប្រព្រឹត្តិរបស់ក្រសួង កសាងរដ្ឋបាលទំនើប ធានានូវការសម្របសម្រួលសម្ភារៈបច្ចេកទេស មធ្យោបាយធ្វើដំណើរដល់អគ្គនាយកដ្ឋានផ្សេងៗ

*ទី៣៖ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន៖ ជាអ្នកលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការផ្តល់ពូជសត្វ ពូជបន្លែ និងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ «នាំចេញនៅនឹងកន្លែង» ជំរុញអេកូទេសចរណ៍ក្នុងសហគមន៍ «លំនឹងប្រពន្ធ័អេកូឡូស៊ី និងជួយចិញ្ចឹមជីវិតប្រជាជនយើងប្រកបដោយចីរភាព»

*ទី៤៖ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ៖ ជំរុញការងារកំណត់ព្រំដី ចុះបញ្ជី និងបោះបង្គោលដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ

*ទី៥៖ អគ្គនាយកនាយកដ្ឋានគាំពារបរិស្ថាន៖ ពិនិត្យគុណភាពទឹក ដី ខ្យល់ និងការងារសំរាម ដោយធ្វើការជិតសិទ្ធ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកំណត់សេវាប្រមូល មធ្យោបាយដឹកជញ្ជូន ការគ្រប់គ្រងប្រពន្ធ័ប្រមូលសំរាម ទីលានទុកដាក់សំរាម បង្កលក្ខណៈងាយស្រួលជាមួយម្ចាស់អាជីវកម្ម ម្ចាស់សិប្បកម្មកែច្នៃសំនល់គ្រប់ប្រភេទ និងបងប្អូនអេតចាយ ធ្វើយ៉ាងណាកាត់បន្ថយសំណល់ឲ្យបានជាអតិបរមា

*ទី៦៖ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ផ្សព្វផ្សាយឃោសនាអប់រំ លើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន តាមរយៈរូបភាព និង វីដេអូស្អាតៗ «ទេសចរណ៍ផ្សាភ្ជាប់ទឹកដី» និង «ស្រលាញ់ជាតិស្គាល់ទឹកដី»។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកងកម្លាំងគ្រប់ប្រភេទ ពិសេសនគរបាលជាតិ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាបង្អែកយ៉ាងរឹងមាំក្នុងការរក្សាឲ្យបាននូវឯករាជ្យ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយរបស់សង្គមជាតិ ជាពិសេសការរៀបចំព្រឹត្តិការជាតិធំៗដូចជា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, ការរៀបចំព្រឹត្តិការណ៍ ASEAN Games និង ASEAN Para Games , និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខ និងក៏ដូចជាបានរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុការពារធនធានធម្មជាតិ សម្រាប់បម្រើឲ្យឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តាងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគណៈគ្រប់គ្រងសាលា ព្រមទាំងសិក្ខាកាមទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូអមដំណើរ ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើទស្សនកិច្ច និងសំណេះសំណាល ព្រមទាំងធ្វើបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់សិក្ខាកាម ដែលកំពុងទទួលការបណ្តុះបណ្តាល នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាឱកាសដ៏ថ្លៃថ្លានេះ ជាពិសេសនោះទទួលបានការឯកភាពជាគោលការណ៍ ក្នុងការចងសម្ព័ន្ធមេត្រីភាពរវាងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម និងនគរបាលការពារព្រំដែន ជាមួយក្រសួងបរិស្ថាន៕