(កោះកុង)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងភរិយា រួមនិងមន្រ្តីរាជការមួយចំនួនទៀត នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះទៅពិនិត្យមើលការចិញ្ចឹមត្រីសមុទ្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង។ ក្នុងដំណើរចុះពិនិត្យការចិញ្ចឹមត្រីនេះ លោករដ្ឋមន្រ្តី បានជំរុញឲ្យប្រជាពលរដ្ឋក្នុងខេត្តកោះកុងចិញ្ចឹមត្រីស្ពុង និងត្រីតុកកែ ឲ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ និងទប់ស្កាត់ការនាំចូលពី ប្រទេសជិតខាងផងដែរ។
ក្នុងពេលចុះទៅពិនិត្យការចិញ្ចឹមត្រី ក៏ដូចស្វែងពីផលលំបាកក្នុងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋនោះ លោក វេង សាខុន បានថ្លែងថា ត្រីស្ពុង និងត្រីតុកកែ កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលពេលកន្លងទៅមានការនាំចូលពីប្រទេសជិតខាង ដើម្បីបំពេញតម្រូវការទីផ្សារ។
ដើម្បីបំពេញតម្រូវការទីផ្សារ ក៏ដូចជាលើកកម្ពស់ជីវភាពគ្រួសារផងនោះ លោករដ្ឋមន្រ្តី វេង សាខុន បានជំរុញឲ្យប្រជាពលរដ្ឋខិតខំ ចិញ្ចឹមត្រីទាំងពីរប្រភេទនេះឲ្យបានច្រើន ហើយក៏ជំរុញឲ្យមន្រ្តីជលផល ចុះផ្តល់បច្ចេកទេសនានាជូនប្រជាពលរដ្ឋ អ្នកចិញ្ចឹមផងដែរ។
បើតាមមន្រ្តីជលផលក្នុងខេត្តកោះកុង បានបញ្ជាក់ថា ការចិញ្ចឹមត្រីស្ពុង និងត្រីតុកកែ នៅក្នុងខេត្តកោះកុង នាពេលបច្ចុប្បន្នមានការ កើនឡើងច្រើន អាចផ្គត់ផ្គង់ទីផ្សារបាន ហើយក៏បាននាំចេញទៅប្រទេសថៃមួយចំនួនផងដែរ។
តែទោះជាយ៉ាងណាប្រជាពលរដ្ឋ បានត្អូញត្អែរផងដែរ ពីបញ្ហាចំណី ដែលចំណីត្រីនេះមានតម្លៃថ្លៃ ដែលធ្វើឲ្យការចិញ្ចឹមមិនសូវ បានប្រាក់ចំណេញ។ ឆ្លើយតបបញ្ហានេះ លោក វេង សាខុន ថា នឹងពិភាក្សាជាមួយមន្រ្តីពាក់ព័ន្ធរកដំណោះស្រាយជូនពួកគាត់។
បន្ទាប់ពីបានជួបពិនិត្យការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋហើយ លោក វេង សាខុន ក៏បានបន្តដំណើរចុះទៅពិនិត្យ និងស្វែងយល់ សហគមន៍អេកូទេសចរណ៍ពាមក្រសោបផងដែរ។ លោក បានជំរុញឲ្យប្រជាសហគមន៍ខិតខំថែរក្សា និងដាំព្រៃកោងកាងដើម្បីទាក់ទាញ ភ្ញៀវទេស ក៏ដូចជាសម្រាប់ជាជម្រកធនធានសមុទ្រ៕