(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ លោក ក្រវ៉ាញ ដារ៉ន ​ប្រធានគណបក្សខ្មែរឈប់ក្រ ឱ្យដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ជាមុនសិន មុននឹងស្នើសុំថតចម្លងច្បាប់ដើម នៃលក្ខន្តិកៈគណបក្សពីក្រសួងមហាផ្ទៃ។

លិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ​បានធ្វើឡើងបន្ទាប់ពី ប្រធានគណបក្សខ្មែរឈប់ក្រ ស្នើសុំថតចម្លងច្បាប់ដើម នៃលក្ខន្តិកៈគណបក្សខ្មែរឈប់ក្រ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

លិខិតក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីសំណើសុំថតចម្លងច្បាប់ដើម នៃលក្ខន្តិកៈគណបក្សខ្មែរឈប់ក្រ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សខ្មែរឈប់ក្រ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស ដើម្បីធ្វើការស្រាវជ្រាវ និងមានកំណត់ហេតុរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យបានច្បាស់លាស់ អំពីករណីបាត់បង់ច្បាប់ដើម នៃលក្ខន្តិកៈគណបក្សខ្មែរឈប់ក្រ រួចហើយត្រូវដាក់ពាក្យស្នើសុំមកក្រសួងមហាផ្ទៃសារជាថ្មី។

លិខិតក្រសួងបានបញ្ជាក់បន្ថែមថា ទន្ទឹមនេះដែរ អនុលោមតាមលក្ខខណ្ឌកំណត់ក្នុងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សខ្មែរឈប់ក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរជូនមកក្រសួងមហាផ្ទៃ អំពីអាសយដ្ឋានទីស្នាក់ការកណ្ដាលបច្ចុប្បន្នជាកំណត់៕