(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងករណីឆក់កាបូប ដែលកើតហេតុកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចស្ពានតាសាន្ត ភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍អរិយក្សត្រ និងកម្លាំងប៉ុស្តិ៍ស្វាយជ្រុំ បន្តការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាទើបឈានមកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយកំណត់បានមុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ខណៈម្នាក់ទៀតកំពុងគេចខ្លួន។

របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ សន លី ភេទស្រី អាយុ៦២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ដោយឡែក ជនសង្ស័យ៣នាក់ ដែលបានឃាត់ខ្លួនទី១៖ឈ្មោះ វិត ចាន់ដែន អាយុ២៣ឆ្នាំ, ទី២៖ឈ្មោះ លី គឹមលិ អាយុ២០ឆ្នាំ និងទី៣៖ឈ្មោះ ប៉ូ ដាវីត អាយុ១៧ឆ្នាំ។ ដោយឡែក ម្នាក់ទៀតដែលកំពុងគេចខ្លួនឈ្មោះ វ៉ាន់ ពិសិទ្ឋ អាយុ២១ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វិត ចាន់ដែន បានឆ្លើយសារភាពថា ខ្លួនគេនឹងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ កាលពីថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣ ពិតមែន។ បច្ចុប្បន្នជនសង្ស័យបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តចាត់ការតាមនីតិវិធី៕