(កំពង់ស្ពឺ)៖ ក្រោមការចង្អុលបង្ហាញ យកចិត្តទុកដាក់របស់លោក ទៀ សុខា សមាជិកគណៈកម្មាធិការកណ្តាល ចលនាយុវជន ក្រុម១៥៧ និងជាប្រធានក្រុម១៥៧ ប្រចាំខេត្តព្រះសីហនុ និងខេត្តកោះកុង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ចលនាយុវជនក្រុម (១៥៧) ខេត្តកំពង់ស្ពឺ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ មកពីតំបន់អារ៉ែង នៃឃុំចំនួន៣ រួមមានឃុំថ្មដូនពៅ ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ចំនួន៦២គ្រួសារ ដើម្បីពិសាបាយសាមគ្គី និងចែកអំណោយមនុស្សធម៌ជូនផងដែរ។
ក្រុមចលនាយុវជនកម្ពុជា១៥៧ បានលើកឡើងថា ក្រោមការដឹកនាំពីលោក ហ៊ុន ម៉ាណែត ប្រធានកិត្តិយស លោក ម៉ឹង ពន្លក ប្រធាន ក្រុម១៥៧ និងលោក ទៀ សុខា ប្រធានក្រុម១៥៧ សាខាខេត្តទាំង២ នោះក្រុមការងារទាំងអស់ តែងតែនាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋ ជាប្រចាំដើម្បីចូលរួមកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន។
ជាពិសេសនោះ នៅតំបន់អារ៉ែងផ្ទាល់តែម្តង ដែលពីមុនទីនោះ គឺជាតំបន់ពុំសូវមានការរីកចម្រើន ខ្លាំងនោះឡើយក៏ព្រោះតែ ស្ថិតនៅឆ្ងាយ តែពេលនេះបន្ទាប់ពីក្រុមចលនា១៥៧ បានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់មកនោះ បានប្រែក្លាយតំបន់ស្ងាត់មួយនេះ ជាកន្លែងពោពេញដោយភាពអ៊ូអរ ហើយជីវភាពរបស់ពលរដ្ឋ កាន់តែប្រសើរខ្លាំងឡើង៕