(បាត់ដំបង)៖ ថ្លែងក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីមង្គល ហៅវត្តសាមសិប ស្ថិតនៅភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា នៅថ្ងៃទី១២ ខែឧសភា កាលពី៤៥ឆ្នាំមុន គឺជាថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានចូលរួមបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេស និងប្រជាជនឲ្យចេញផុតពីរបបប៉ុលពត ដែលបានគ្រប់គ្រងអំណាច ហើយបានកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃសាហាវឃោរឃៅ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទៀតថា មកដល់បច្ចុប្បន្ន កម្លាំងសាមគ្គីភាពនេះ ក៏បានឋិតនៅយ៉ាងរឹងមាំ និងបានបន្តស្មារតី វីរភាព និងសកម្មភាពរួបរួមគ្នាបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ដោយបានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនអនេកជូនសង្គមជាតិ រាប់ទាំងការការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការផ្តល់នូវឱកាស ក្តីសង្ឃឹម និងលំនឹងស្ថិរភាពសម្រាប់អនាគតទៅមុខ។
ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បានសូមសម្តែងនូវមោទកភាព និងអនុមោទនាចំពោះសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងវត្តសិរីមង្គល ហៅវត្តសាមសិប ដែលត្រូវបានកសាងឡើងនៅលើទីតាំងតំបន់អតីតសមរភូមិ ហើយសព្វថ្ងៃ ក៏បានកកើតទៅជាទីអារាមគួរជាទីមនោរម្យ និងជ្រះថ្លាសម្រាប់ការជួបជុំធ្វើបុណ្យបំពេញទានតាមប្រពៃណីព្រះពុទ្ធសាសនារបស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាពុទ្ធបរិស័ទ ដែលអញ្ជើញមកពីគ្រប់ទិសទី។
លោកបន្ដទៀតថា ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី, ស្រុកកំរៀង បានប្រែមុខមាត់ពីតំបន់ជម្លោះប្រដាប់អាវុធ អស្ថិរភាព មកជាតំបន់មានសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍរីកចម្រើន ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលសម្រួលដល់ការធ្វើដំណើរក្នុងជីវភាពប្រចំាថ្ងៃ ព្រមទាំងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។
បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តទៅមុខទៀត រាជរដ្ឋាភិបាលក៏នៅតែយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយគោលបំណងអាទិភាពចម្បងឥតកែប្រែ គឺការធានានូវជីវភាពសុខសាន្ត និងសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋជាជំហានៗនៅទូទាំងប្រទេស ក៏ដូចមូលដ្ឋានស្រុកកំរៀងនេះផងដែរ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និងសម្តេចតេជោ ក្នុងការថែរក្សាឲ្យបាននូវបរិស្ថានសុខសន្តិភាព ស្ថិរភាព ព្រមទាំងឱកាសក្នុងការបន្តកសាងអភិវឌ្ឍប្រទេស ឲ្យបានឋិតថេរយូរអង្វែង៕