(ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ពីការចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងថ្នាក់ដឹកនាំអន្តរសភាអាស៊ាន (អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ (42¬¬nd ASEAN Summit) នៅទីក្រុងឡាបួនបាចូ ប្រទេសឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ -១០ ខែឧសភា ឆ្នាំ២០២៣។ ប្រតិភូសភាកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) និងថ្នាក់ដឹកនាំអន្តរ-សភាអាស៊ាន(អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ ក៏មិនខុសកាលពីជំនួបកំពូលអាស៊ានលើកទី៤១ នៅកម្ពុជានោះទេ ពោលគឺអាយប៉ាបានថែ្លងទៅកាន់អាស៊ានថា៖

១៖ ក្រោមភាពជាប្រធានរបស់ឥណ្ឌូនេស៊ីក្រោមមូលបទ៖ «សារៈសំខាន់នៃអាស៊ាន៖ស្នូលនៃកំណើន» អាយប៉ាសង្ឃឹមថា អាស៊ានអាចឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ច ៤,៨% សម្រាប់ឆ្នាំ២០២៣ ហើយអាស៊ាននឹងបន្តឆ្ពោះទៅរកសន្តិភាព ស្ថិរភាពក្នុងតំបន់ នៅក្នុងខណៈមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាល និងសភា។

២៖ អាយប៉ាត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រគោលនយោបាយ និងធ្វើការជាមួយសមភាគីអាស៊ាន ដើម្បីត្រួសត្រាយបញ្ហាប្រឈម និងកសាងអាស៊ានមួយ ប្រកបដោយភាពទន់ភ្លន់ រហ័សរហួន និងរឹងមាំ។

៣៖ អាយប៉ា បានរួមចំណែកក្នុងការកសាងអាស៊ានឱ្យស្ថិតនៅក្នុងតំបន់មួយ ដែលមានសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ ការអភិវឌ្ឍ និងបានរួមចំណែកដោះស្រាយបញ្ហាសកលលោក ដូចជា៖ ជម្លោះ អំពើភេរវកម្ម និងអតុល្យភាពអំណាច ដើម្បីធានាថា រាល់កិច្ចការទំនាក់ទំនងអន្តរជាតិ ត្រូវឈរលើគោលការណ៍ជាក់លាក់មួយតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

៤៖ ជំនួបមេដឹកនាំកំពូលអាស៊ាន និងអាយប៉ា គឺសម្តែងឱ្យឃើញពីការប្រតិបត្តិមុខងារការទូតសភារបស់ស្ថាប័ននីតិប្បញ្ញត្តិ រួមបញ្ចូលទាំងការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងសកលលោក និងជាពិសេស រិះរកមធ្យោបាយថ្មីៗ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ដើម្បីលើកកម្ពស់សុខដុមនីយកម្មច្បាប់ ជាពិសេស លើកកំពស់ការយល់ដឹងគ្នាទៅវិញទៅមក រវាងសភា និងពលរដ្ឋអាស៊ាន និងរវាងអាស៊ាន និងសហគមន៍អន្តរជាតិ។

ជារួមក្នុងជំនួបថ្នាក់ដឹកនាំអាស៊ាននេះ អាយប៉ាបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៥ចំនុច ជូនទៅប្រមុខដឹកនាំអាស៊ាន រួមមាន៖
ក/ បន្តថែរក្សាសន្តិភាព សាមគ្គីភាព មជ្ឈភាព និងភាពក្លៀវក្លារបស់អាស៊ាន ដែលជាកំលាំងចលករក្នុងការធានាសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពតំបន់។
ខ/ លើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពដ៏ខ្លាំងក្លានៅក្នុងតំបន់ លើកស្ទួយសមត្ថភាពទទួលខុសត្រូវប្រកបដោយភាពធន់របស់អាស៊ាន ដោយផ្តោតលើភាពបន្ទាន់ខាងវិស័យសន្តិសុខស្បៀង នៅក្នុងបរិបទតំបន់ និងសកលលោក ។
គ/ ធ្វើឱ្យប្រសើរលើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់យន្តការអាស៊ាន និងរវាងអាស៊ានជាមួយដៃគូរបស់ខ្លួន ជាពិសេសជាមួយអាយប៉ា។
ឃ/ បន្តលើកកម្ពស់ និងលើកទឹកចិត្តឱ្យមានការវិនិយោគបៃតង សមភាព និងស្ថិរភាពហិរញ្ញវត្ថុ អភិវឌ្ឍផែនទីបង្ហាញផ្លូវ ក្របខណ្ឌច្បាប់ និងគោលនយោបាយ ដើម្បីសម្រេចបានគំនិតផ្តួចផ្តើមបៃតង និងកិច្ចព្រមព្រៀងក្នុងអាស៊ាន។
ង/ លើកកម្ពស់នវានុវត្តន៍ ការអនុវត្តន៍ និងផ្ទេរការអភិវឌ្ឍន៍វិទ្យាសាស្រ្ត បច្ចេកវិទ្យា ដើម្បីកំណើន ការអភិវឌ្ឍន៍ដោយចីរភាព។

ជាមួយគ្នានេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានផ្តល់ធាតុចូល៣ចំនុចធំៗនៅក្នុងសាររបស់លោកស្រីប្រធានអាយប៉ា ដែលត្រូវថ្លែងទៅកាន់ប្រមុខដឹកនាំអាស៊ាន នូវខ្លឹមសារដូចជា៖ ១) កម្ពុជាបានស្នើឱ្យប្រធានសភាអាយប៉ាថ្មីរំលឹកអំពី លទ្ធផលដែលកម្ពុជាក្នុងនាមជាប្រធានសភាអាយប៉ាលើកទី៤៣បានសម្រេចបានយ៉ាងជោគជ័យ ២)ដើម្បីបង្កើនមិត្តភាពគ្រួសារ និងផ្ដល់នូវគុណតម្លៃអាស៊ាន ដោយការបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតទៅតាមការអញ្ជើញរបស់ប្រទេសសាមី និង ៣) ស្នើឱ្យមានភាពសុខដុមនីយកម្មអាស៊ាន ដោយគាំទ្រមជ្ឈភាព និងអព្យាក្រឹតភាពអាស៊ាន ដើម្បីលើកកម្ពស់សុខដុមនីយកម្មតំបន់ សហសន្តិវិជ្ជមាន និងផ្តល់វឌ្ឍនភាព ភាពសម្បូររុងរឿងឱ្យគ្នាទៅវិញទៅមក។

តបតាមការអញ្ជើញ គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូរដ្ឋសភាមកពីប្រទេសចំនួន៤រួមមាន រដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក ង្វៀន ដុកហៃ (NGUYEN DUC HAI) គណៈប្រតិភូរដ្ឋសភាឡាវ ដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី សួនថន សាយ៉ាចក្រ (SOUNTHONE XAYACHACK) គណៈប្រតិភូរដ្ឋសភាម៉ាឡេស៊ី ដឹកនាំដោយ ប្រធានរដ្ឋសភា លោក ដាតូ ចូហារី បិន អាឌុល (DATO JOHARI BIN ABDUL) និងគណៈប្រតិភូឥណ្ឌូនេស៊ី ដឹកនាំដោយប្រធានរដ្ឋសភា លោកស្រី ពួន មហារ៉ានី (PUAN MAHARANI) និងអគ្គលេខាធិការអាយប៉ា លោកស្រី ស៊ីទិ រ៉ូសាយមែរីយ៉ាន់ទី ដាតូ ហាជី អាឌុល រ៉ាម៉ាន់ (Siti Rozaimeriyanty Dato Haji Abdul Rahman)។

នៅក្នុងជំនួបទ្វេភាគី គណៈប្រតិភូរដ្ឋសភាកម្ពុជា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសសមាជិកអាយប៉ា និងបន្តការផ្លាស់ប្ដូរនូវកិច្ចសហប្រតិបត្តិការជាបច្ចេកទេស លើសេចក្ដីសម្រេចដែលបានព្រមព្រៀងក្នុងមហាសន្និបាតនាឆ្នាំកន្លងទៅ និងរក្សានូវសាមគ្គីភាពរវាងបណ្ដាលសភាអាយប៉ាលើគ្រប់វិស័យតាមគោលការមជ្ឈភាពអាស៊ាន។ គណៈប្រតិភូក៏បានរំលឹកអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីល្អជាមួយសភាសមភាគីក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តគម្រោងដែលមានសម្រាប់ បន្តគាំទ្រគ្នា និងផ្លាស់ប្ដូរបទពិសោធន៍ និងប្រជាជនទៅវិញទៅមករវាងប្រទេសជាដៃគូផងដែរ៕