(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែប តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានចែករំលែកនូវបទពិសោធន៍មួយដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់លោក ដោយក្រុមជនល្មើសបានបង្វែរឿងឃាតកម្ម ទៅជាបទល្មើសគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបំភាន់សមត្ថកិច្ច។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកែប» លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន បានគូសបញ្ជាក់ថា បើទោះបីក្រុមជនល្មើសបានបង្វែរឿងរ៉ាវ ដើម្បីបន្លំសមត្ថកិច្ចយ៉ាងណាក៏ដោយនោះ ប៉ុន្ដែក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបំបែកសំណុំរឿងមួយនេះ បានដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនជនដៃដល់ ព្រមទាំងអ្នកពាក់ព័ន្ធ សរុបចំនួន៧នាក់ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅ នៅចំណុចភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយក្រុមជនល្មើសបានវាយជនរងគ្រោះ បណ្តាលឲ្យស្លាប់រួចបានដឹកសពទៅទំលាក់ចោលនៅកន្លែងស្ងាត់លើផ្លូវលំ ក្នុងភូមិ ឃុំកើតហេតុ។ បន្ទាប់មកជនសង្ស័យ បានទាក់ទងតាមរយៈទូរស័ព្ទទៅសាច់ញាតិជនរងគ្រោះ ថាជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍ (ក្នុងហេតុការណ៍ខាងលើនេះ សាច់ញាតិជនរងគ្រោះពុំបានរាយការណ៍ជូនសមត្ថកិច្ចនោះទេ)។

លុះដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ សាច់ញាតិជនរងគ្រោះសង្ស័យថា ការស្លាប់របស់ជនរងគ្រោះ គឺពុំមែនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ ពួកគាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាន នគរបាលស្រុកដំណាក់ចង្អើរ។ ក្រោយទទួលបានបណ្ដឹងពីសាច់ញាតិជនរងគ្រោះ កម្លាំងនគរបាលការិយាល័យជំនាញបានសហការ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។

សូមស្ដាប់ការលើកឡើងរបស់ស្នងការនគរបាលខេត្តកែប៖