(កំពង់ឆ្នាំង)៖ ខ្យល់កន្ដ្រាក់កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៦៨ខ្នង ដោយខ្លះដួលរលំ របើកដំបូល និងជញ្ជាំងជាដើម ស្ថិតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្រោយទទួលបានព័ត៌មាននេះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ លោក ពេជ្រ កែវមុន្នី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត, លោក ឡុច សុវណ្ណារ៉ា ក្រុមប្រឹក្សាខេត្ត តំណាងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពុងលែង រួមទាំងក្រុមការងារ បាននាំយកអំណោយជាស័ង្កសី និងថវិកា របស់លោកបណ្ឌិត ស៉ឹង សំណាង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកំពង់លែង និងថវិការបស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ប្រគល់ជូនពួកគាត់។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា អំណោយទាំងអស់ខាងលើនេះរួមមាន៖ លោកបណ្ឌិត ស៉ឹង សំណាង ជួយថវិកាចំនួន១,០០០ដុល្លារ, លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ថវិកា១,០០០ដុល្លារ, ថវិការបស់លោកចំនួន៦០០ដុល្លារ និងលោក ជួប ចម្រើន ថវិកា១,០០០ដុល្លារ និងស័ង្កសីចំនួន១,០៣០សន្លឹក។
លោកអភិបាលស្រុកកំពង់លែង បានបញ្ជាក់ថា ថវិកា និងស័ង្កសី ដែលថ្នាក់ដឹកនាំបានជួយឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះខាងលើនេះ គឺក្រុមការងារយើងបានយកបែងចែកទៅតាមទំហំ នៃការខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ។ ដោយឡែក ថវិកាដែលបានមកពីការជួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំទាំងអស់ខាងលើនេះ គឺបែងចែកជូនពួកគាត់សម្រាប់ទិញសម្ភារៈយកមកជួសជុលលំនៅឋានរបស់ពួកគាត់ ឬប្រើប្រាស់ផ្សេងៗទៅតាមតម្រូវការចាំបាច់។
ក្នុងឱកាសចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋរងគ្រោះ លោកអភិបាលរងខេត្ត ក៏បាននាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ បានសម្ដែងនូវការសោកស្ដាយទីបំផុត ចំពោះការខូចខាតលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់គ្រប់ក្រុមគ្រួសារទាំងអស់ផងដែរ។
លោកអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានទីលំនៅតាមទីជនបទ ស្រុកស្រែចម្ការ ពិសេសពលរដ្ឋរស់នៅតាមជួរមាត់ទន្លេ ដោយសារតែរដូវវស្សាចូលមកដល់ រីឯភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ រន្ទះ តែងកើតមាននៅរៀង រាល់ដើមរដូវវស្សានេះ ហេតុនេះលោកសូមឲ្យប្រជាពលរដ្ឋបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕