(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារ អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ នៅសាលប្រជុំធំ សាលាខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្រុមប្រឹក្សាខេត្ត សមាជិកព្រឹទ្ធសភា លោក លោកស្រី ជាបេក្ខជនតំណាងរាស្ត្រនីតិកាលទី៧ មណ្ឌលខេត្តស្វាយរៀង រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ព្រមទាំងមានការនិមន្តពី ព្រះរាជាគណៈថ្នាក់កិត្តិយស មន្ត្រីសង្ឃគ្រប់ឋានុក្រម ព្រះគ្រូចៅអធិការវត្តទាំង២៤៦វត្ត និងមន្ត្រីដែលពាក់ព័ន្ធប្រមាណ ៥១៧អង្គ/នាក់ ក្នុងនោះព្រះវត្តមានព្រះសង្ឃចំនួន៣០២អង្គ ។  

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមសម្តែងនូវការកោតសរសើរដោយស្មោះ ប្រគេនថ្វាយព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងជូនចំពោះលោក លោកស្រី លោកយាយ លោកតា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលតែងចូលរួមអស់ពីកម្លាំងកាយចិត្តអភិវឌ្ឍន៍នៅខេត្តស្វាយរៀង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣០ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ជាពិសេសទិសដៅការងារដែលបានដាក់ចេញសម្រាប់អនុវត្តន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផងបន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិតផង និងដើម្បីពង្រឹងនូវធម៌វិន័យនៃព្រះពុទ្ធសាសនាផងដែរ។ 

ជាមួយគ្នានេះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដល់ទស្សនទានដើម្បីចូលរួមចំណែកក្នុងការពង្រឹងវិស័យព្រះពុទ្ធសាសនា មានដូចតទៅ៖

*១៖ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្ដឱ្យបានខ្ជាប់ខ្ជួនតាមបញ្ញត្ដិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិដែលពាក់ព័ន្ធ ដើម្បីប្រែក្លាយឱ្យទៅជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរឹងមាំល្អផូរផង់ដែលជាសាសនារបស់រដ្ឋ។

*២៖ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាឱ្យកាន់តែល្អប្រសើរទ្បើងតាមព្រះវិន័យ និងតាមឋានានុក្រម ដើម្បីពង្រឹងនូវការឯកភាព សាមគ្គីភាពក្នុងស្ថាប័នព្រះពុទ្ធសាសនា។

*៣៖ មន្រ្តីសង្ឃគ្រប់លំដាប់ថ្នាក់ គប្បីចលនាព្រះសង្ឃព្រះពុទ្ធសាសនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់គ្រឿងញៀន និងបង្កលក្ខណៈឱ្យមានការគោរពច្បាប់ចរាចរ តាមរយៈការបញ្រ្ជាបព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ នៅក្នុងការសម្តែងធម្មទេសនា ការអប់រំតាមសាលារៀន និងធ្វើកម្មវិធីអប់រំតាមសហគមន៍។

*៤៖ មន្ទីរធម្មការនិងសាសនា និងសាលាគណខេត្ត ត្រូវបន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ដែលជាឆ្អឹងខ្នងដ៏រឹងមាំនៃពុទ្ធសាសនា ក្នុងនោះសាលាពុទ្ធិកបឋមសិក្សា ត្រូវធ្វើកម្រងតាមមូលដ្ឋានឱ្យបានលឿន និងកែទម្រង់មុខវិជ្ជាសិក្សាមួយចំនួន។ ដោយឡែកពុទ្ធិកឧត្តមសិក្សា ត្រូវយកចិត្តទុកដាក់លើការបង្កើនបរិមាណ និងគុណភាពសិក្សាសមណៈសិស្សបន្ថែមទៀត។

*៥៖ សូមមន្រ្តីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះមេគណ ព្រះគ្រូអនុគណ និងចៅអធិការ សូមយកចិត្តទុកដាក់ជំរុញដល់ភិក្ខុ សាមណេរក្រោម ឱវាទរបស់ខ្លួន សិក្សារៀនសូត្រធម៌វិន័យឲ្យបានស៊ីជម្រៅ និងអនុវត្តវិន័យសីលធម៌នោះឱ្យបានតឹងរ៉ឹង ព្រមទាំងបង្កើតកម្មវិធីបដិបត្តិសមថ-កម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ដើម្បីអប់រំចិត្តជាសំខាន់ផង និងប្រតិបត្តិឱ្យសមជាបុញ្ញខេត្ត សម្រាប់ជាទីសក្ការៈដល់ពុទ្ធបរិស័ទជិតឆ្ងាយផង។

*៦៖ សូមមន្ទីរធម្មការនិងសាសនា មន្រ្តីសង្ឃគ្រប់ឋានានុក្រម ជាពិសេសព្រះមេគណ សូមបន្តពង្រឹងរចនាសម្ព័ន្ធសង្ឃថ្នាក់មូលដ្ឋានឱ្យបានគ្រប់វត្ត និងបន្តបង្កើតសង្ឃាភិបាល សំដៅបណ្តុះបណ្តាលមន្រ្តីសង្ឃឱ្យមានសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំ និងអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

*៧៖ សូមព្រះចៅអធិការវត្ត បន្តយកចិត្តទុកដាក់រៀបចំវត្តអារាមឱ្យបានសក្តិសមជាអារាមគួរជាទីជ្រះថ្លា ជាទីគោរពបូជា ជាទីបដិបត្តិធម៌វិន័យ ជាទីអប់រំសីលធម៌ និងជាទីរមណីយដ្ឋានទេសចរណ៍បែបសាសនា ដោយក្នុងនោះរៀបចំឱ្យមានអនាម័យខ្ពស់ ការពារធម្មជាតិ អភិរក្សសំណង់បុរាណ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ទេសចរណ៍ និងបរិស្ថានសង្គម ដោយស្របតាមព្រះវិន័យ និងការរីកចម្រើនរបស់ព្រះពុទ្ធសាសនា៕