(រតនគិរី)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានរៀបចំផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក ទឹម មុនីរតន៍ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បានបង្ហាញពីលទ្ធផលនៃការ ខិតខំអនុវត្តការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋមានជាអាទិ៍៖ បានចេញបណ្ណជូនប្រជាពលរដ្ឋចំនួន២៣ភូមិ ស្មើនឹងចំនួន១៦,៩១១ វិញ្ញបនបត្រ ក្នុងនោះក្រុងបានលុង ចំនួន១៥ភូមិ, ស្រុកអូរយ៉ាដាវ ចំនួន០៣ភូមិ និងស្រុកអូរជុំ ចំនួន០៥ភូមិ។ បន្តចែកបណ្ណនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ចំនួន ១ភូមិបន្ថែមទៀត គឺភូមិប៉ាអរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ចំនួន១៩៨ វិញ្ញាបនបត្រ។ ត្រៀមចែកបណ្ណចំនួន ០៣ភូមិបន្ថែមទៀត គឺភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ភូមិក្រូច និងភូមិអូម ឃុំឯកភាព ស្រុកអូរជុំ។ត្រៀមបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០២ភូមិ គឺភូមិថ្មដា សង្កាត់ បឹងកន្សែង និងភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុង។ជំរុញដើម្បីបញ្ចប់ការវាស់វែង និងប្រជុំគណៈកម្មការរដ្ឋបាលមានភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ, ភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង និងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ និងកំពុងវាស់វែង និងប្រមូលទិន្នន័យចំនួន៤ភូមិ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលបានចូលរួមប្រមាណជាង២០០នាក់ នាឱកាសនេះ លោក ខ័ណ្ឌ ចំណាន បានសម្ដែងនូវការកោតសរសើរវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងបានថ្លែងអំណរគុណដល់អាជ្ញាធរក្រុង ស្រុក អាជ្ញាធរឃុំ សង្កាត់ ដែលបានចូលរួមអនុវត្តការងារកន្លងមកកាន់តែមានភាពល្អប្រសើរ។

លោកអភិបាលរងខេត្ត ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋ ក្នុងស្រុកបរកែវ ជាពិសេសភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ដែលក្រុម ការងារចុះបញ្ជីដីធ្លីរបស់មន្ទីរបានមកអនុវត្តការងារចុះបញ្ជីដីធ្លីជូនបងប្អូន ក្នុងគោលដៅការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ការធានាសិទ្ធិស្របច្បាប់ ភាពច្បាស់លាស់នៃការកាន់កាប់ ការកំណត់ព្រំប្រទល់នៃដីនិងផលប្រយោជន៍ជាច្រើនផ្សេងទៀត។

លោកបានស្នើអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ អាជ្ញាធរភូមិ សូមចាត់មន្ត្រីចូលរួមឱ្យបានសកម្មជាមួយក្រុមការងារ ហើយរាល់ឯកសារផ្សេងៗ ដែលគាំទ្រការចុះបញ្ជីដូចជាលិខិតបញ្ជាក់ដី សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ លិខិតបញ្ជាក់មរណភាព លិខិតបញ្ជាក់លីវ និងឯកសារផ្សេងទៀត ត្រូវសម្រួលពន្លឿនជូនប្រជាពលរដ្ឋ។ ចំពោះប្រជាពលរដ្ឋ ត្រូវចូលរួមឱ្យបានសកម្មជាមួយក្រុមការងារ ដើម្បីបោះបង្គោលកំណត់បង្ហាញព្រំដីឱ្យបានច្បាស់លាស់ យកឯកសារមកជូនមន្ត្រីសុរិយោដី ដើម្បីបំពេញទិន្នន័យ និងចូលរួមសកម្មភាពផ្សេងៗទៀត ក្នុងគោលដៅពន្លឿនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់៕