(តាកែវ)៖ នាយរងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិភ្នំដិន នៅក្នុងទឹកដីខេត្តតាកែវ ជាប់ព្រំដែនជាមួយខេត្តអាងយ៉ាង លោកវរសេនីយ៍ត្រី ឡាយ ប៊ុនធី ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តអាងយ៉ាង ប្រទេសវៀតណាម ចាប់ខ្លួនភ្លាមៗក្រោយពីមន្រ្តីនគរបាលរូបនេះ បានបាញ់ប្រហារទៅលើជនជាតិវៀតណាម ២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍បាញ់ប្រហារខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅហាងផឹកស៊ីយីហោ ហឿង សឿ ក្នុងភូមិសាស្ត្រភូមិស៊ីនវ៉ា ទីរួមស្រុកទិនបៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
មន្រ្តីសមត្ថកិច្ចខេត្តតាកែវ បានឲ្យដឹងថា លោក ឡាយ ប៊ុនធី បានប្រើកាំភ្លើងម៉ាក K59 បាញ់ចំនួន ០៣គ្រាប់ ទៅលើជនរងគ្រោះជា ជនជាតិវៀតណាមចំនួន ០២នាក់៖ ១.ឈ្មោះ ឡេ យ៉ាំងឌឿក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអាងហាវB ទីរួមស្រុកបានជុក ស្រុកស្វាយទង ខេត្តអាងយ៉ាង ប្រទេសវៀតណាម (ស្លាប់នៅកន្លែងកើតហេតុ) ២.ឈ្មោះ ផាន យ៉ាំងវ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចាសឺ ទីរួមស្រុកទិនបៀង ខេត្តអាងយ៉ាង ប្រទេសវៀតណាម (របួសធ្ងន់) ។
បច្ចុប្បន្នលោកវរសេនីយ៍ត្រី ឡាយ ប៊ុនធី ត្រូវកម្លាំងសមត្ថកិច្ចវៀតណាម ធ្វើការដកហូតអាវុធ និងឃាត់ខ្លួននៅស្រុកទិនបៀង ដើម្បីចាត់ការតាមច្បាប់ ហើយគេមិនទាន់ដឹងថា តើខាងភាគីកម្ពុជាដោះស្រាយយ៉ាងណានោះឡើយ៕