(ភ្នំពេញ)៖ លោក ឯម សុផល អនុប្រធានសមាគមរាជសីហ៍ បានចូលរួមដឹកនាំកម្លាំងរាជសីហ៍ខេត្តព្រះសីហនុ ចំនួន១៦នាក់ ជាមួយលោក ហេង សុខគុន អនុប្រធានសមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ ធ្វើទស្សនកិច្ចលើនាវាចម្បាំងរបស់កងទ័ពឥណ្ឌាចំនួន២គ្រឿង ឈ្មោះ ដេលី និង សាពុត្រា ដែលបានចូលសំចតនៅកំពង់ផែព្រះសីហនុ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបានបង្ហាញអំពីចំណាប់អារម្មណ៍របស់សមាគមរាជសីហ៍ថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា លោកចូលរួមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសឥណ្ឌា ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយនឹងកងទ័ពជើងទឹកនៃប្រទេសនានាដទៃទៀតជាមិត្ត ដោយមិនប្រកាន់ប្រទេសណាមួយឡើយ។
សូមជម្រាបថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៩៖០០នាទី នាវាកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌា ទាំង២គ្រឿង ទី១៖ ឈ្មោះ INS DELHI ដែលមានប្រវែងបណ្តោយ ១៦៣.២ម៉ែត្រ និងទទឹង ១៧.៤ម៉ែត្រ មាននាវឹកសរុប ៣២៦នាក់ ទី២៖ ឈ្មោះ INS SATPURA ដែលមានប្រវែងបណ្តោយ ១៤៣ម៉ែត្រ និងទទឹង១៦.៩ម៉ែត្រ មាននាវឹកសរុប ៣២៧នាក់ ដឹកនាំដោយ លោកឧត្តមនាវឹកទោ ហ្គូឆារ៉ាន់ ស៉ីញ (REAR ADMIRAL GURCHARAN SINGH) មេបញ្ជាការកងនាវាចរភាគខាងកើត កងទ័ពជើងទឹកឥណ្ឌា មេបញ្ជាការដឹកនាំរួមនាវាទាំងពីរ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ដោយសុវត្ថិភាព។
នាវាទាំង០២នេះ ចូលចតរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ ១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណងមកទស្សនកិច្ចនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ (ព្រះបរមរាជវាំង, គុកទួលស្លែង, ផ្សារធំថ្មី និងផ្សារអ៉ីអន១) ក្រោយបញ្ចប់ទស្សនកិច្ចពួកគេនឹងចាកចេញទៅវិញនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣៕