(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យមានការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ២០២០ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំឲ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ក្នុងគោលដៅអភិវឌ្ឍ និងបន្តពង្រឹងសមត្ថភាពមន្ត្រី ក.ប.ទ. លើ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមមាន៖ ការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ចាប់ពីជំនាញមូលដ្ឋាន ដល់ជំនាញឯកទេស និងការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងចែករំលែកបទពិសោធការអនុការងារជាក់ស្តែង ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍក្រសួង និងប្រទេសជាតិ ឲ្យរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ នាថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) ដែលជាសិក្ខាសាលាតំបន់ទី២ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ ខាយ ឃុនហេង និងលោកស្រីរដ្ឋលេខាធិការ រស់ សូរក្ខា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន ៨៤ រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៤ ខេត្ត។

កម្មវិធីបណ្ដុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១៖ បង្កើនចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល និងពង្រឹងសមត្ថភាពជំនាញ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ ឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។
២៖ ផ្សព្វផ្សាយអំពីគោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយប្រៃសណីយ៍ ច្បាប់ស្ដីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះ
៣៖ បង្កើតឲ្យមានយន្តការចែករំលែកបទពិសោធល្អៗ ដែលបានមកពីការអនុវត្តការងារ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ខាយ ឃុនហេង បានថ្លែងអំណរគុណដល់វាគ្មិនថ្នាក់ជាតិ ដែលបានចំណាយពេលដ៏មានតម្លៃ ក្នុងការមកចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ពន្ធ័នឹងការវិវត្តន៍នៃបច្ចេកវិទ្យា។

លោករដ្ឋលេខាធិការ ខាយ ឃុនហេង ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ទទួលយកចំណេះដឹងដែលទទួលបានការចែករំលែកពីថ្នាក់ជាតិនាពេលនេះ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពបន្ថែមទៀត សម្រាប់បំពេញតួនាទីភារកិច្ច ក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួន ឲ្យទទួលបាននូវលទ្ធផលល្អប្រសើរថែមទៀត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវអភិវឌ្ឍសមត្ថភាព ឲ្យស្របទៅតាមការវិវត្តបច្ចេកវិទ្យាទូរគមនាគមន៍ ដែលមានការប្រែប្រួលឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។

សូមជម្រាបជូនថា កម្មវិធីបណ្តុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) សម្រាប់មន្ទីរ ប.ទ. ទាំង ២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើនៅ ៤ទីតាំង ដូចខាងក្រោម៖
* ខេត្តសៀមរាប៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
* ខេត្តប៉ៃលិន៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣
* ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣
* ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕