(កំពង់ចាម)៖ តាមការចង្អុលបង្ហាញរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ដឹកនាំដោយលោកបណ្ឌិត ម៉ឹង មករា បានរៀបចំការចាក់ផ្សាយបន្តផ្ទាល់ ពីការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្រុមការងារបានរៀបចំការចាក់បញ្ចាំងផ្សាយបន្តផ្ទាល់ ការប្រកួតកីឡាស៊ីហ្គេម រៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ នៅទីធ្លាមុខសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានប្រជាពលរដ្ឋមកចូលរួមទស្សនាចន្លោះ ពីជាង៤០០នាក់ ទៅជាង៨០០នាក់ ក្នុងមួយថ្ងៃៗ។
ការរៀបចំផ្សាយបន្តផ្ទាល់នេះដែរ ក៏ជាការឆ្លើយតបនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងយុទ្ធសាស្ត្រពង្រីកវិសាលភាពនៃការផ្សាយផ្ទាល់ ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ទស្សនាឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែង។
កម្ពុជាអាចរៀបចំព្រឹត្តការណ៍ស៊ីហ្គេមនេះបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និងការនាំយកសុខសន្តិភាពពេញលេញ តាមរយះនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយ មានឱកាសគ្រប់គ្រាន់ការប្រកបអាជីកម្ម មានសុវត្ថិភាពក្នុងការធ្វើដំណើរពេញផ្ទៃប្រទេស ប្រទេសជាតិមានការរីកចម្រើនរុងរឿង និងជាពិសេស ធ្វើឲ្យពិភពលោកទាំងមូលស្គាល់ច្បាស់ និងកោតស្ញប់ស្ញែងពីសមត្ថភាពប្រជាជន និងប្រទេសកម្ពុជា តាមរយះការរៀបចំព្រឹត្តការណ៍ស៊ីហ្គមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងឱកាសនោះដែរ ក៏មានការចាក់បញ្ចាំងវីដេអូឯកសារ ស្តីពី «ឧត្តមភាពរបស់ សម្តេចតេជោ និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត» ដោយបង្ហាញអំពីមហាវីរភាពរបស់ សម្តេចតេជោ ក្នុងការយកជីវិតទៅប្តូរ តស៊ូរំដោះជាតិ ការកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍រីកចម្រើនដល់សព្វថ្ងៃ និង នាំយកសុខសន្តិភាពពេញលេញ ជូនជាតិនិងប្រជាពលរដ្ឋ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ និងជាកុលបុត្រដ៏ឆ្នើមរបស់ប្រទេសជាតិ ពោរពេញដោយចំណេះដឹងខ្ពង់ខ្ពស់ មានទេពកោសល្យជាអ្នកដឹកនាំគម្រូ ភាពប៉ិនប្រសព្វពីកំណើត និងសមត្ថភាពពេញលេញ ក្នុងការដឺកនាំ និងកែទម្រង់ប្រព័ន្ធគ្រប់គ្រង់វិស័យការពារជាតិ ឲ្យមានភាពរឹងមាំ និងមានប្រសិទ្ធិភាពខ្ពស់។ សមត្ថភាពក្នុងការគ្រប់គ្រង់ប្រទេសជាតិពេលមានវិបត្តិជម្ងឺកូវីដ-១៩ បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា និងមានភាពល្បីល្បាញ ទទួលស្គាល់លើឆាកអន្តរជាតិ។
ការរៀបចំរចនាសម្ព័ន្ធយុវជនគណបក្ស និងក្រុមចលនាយុវជនតាមមូលដ្ឋាន ដើម្បីធានាឲ្យមានការអភិវឌ្ឍន៍ជនបទដល់គ្រប់ទីកន្លែង។ វីរភាពទាំងនេះ បញ្ជាក់បានថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាបេក្ខភាពសក្តិសមឥតខ្ចោះ ដែលត្រូវបានគណបក្សបោះឆ្នោតជ្រើសរើសជា បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត។
ក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌ មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋនៅជនបទ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕