(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីក្រោមឱវាទក្រុមប្រឹក្សា សង្កាត់ដង្កោ និងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ ទាំងអស់ក្នុងសង្កាត់ដង្កោ ធ្វើពិធីដង្ហែលោកតាព្រះសិអា ឡើងអាស្រមថ្មីស្ថិតក្នុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ព្រមទាំងមានការរាប់បាត្រព្រះសង្ឃចំនួន ៧២អង្គ ផងដែរ។
មន្រ្តីសាលាខណ្ឌដង្កោ បានឲ្យដឹងថា លោកតាព្រះសិអា ត្រូវបានប្រជាពលរដ្ឋក្នុងសង្កាត់ដង្កោ គោរពបូជាជាយូរលង់ណាស់មកហើយ ដោយជឿជាក់ថា បានផ្តល់សេចក្តីសុខ ត្រជាក់ត្រជុំ និងការអភិវឌ្ឍក្នុងមូលដ្ឋាន តាមទំនៀមទម្លាប់តមក។
ដោយសារអាស្រមចាស់ មានសភាពចាស់ ហើយមានទីធ្លាតូចចង្អៀត ដូច្នេះ បងប្អូនប្រជាពលរដ្ឋរួមជាមួយ ថ្នាក់ដឹកនាំភូមិសង្កាត់ ខណ្ឌ និងដោយមានការជួយគាំទ្រពីសំណាក់លោក កែប ជុតិមា តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានឯកភាពគ្នា សាងសង់អាស្រមថ្មី ហើយប្រារព្ធធ្វើពិធីបុណ្យដង្ហែលោកតាព្រះសិអា ឡើងអាស្រមថ្មី តាមប្រពៃណី នាព្រឹកនេះតែម្តង៕