(តាកែវ)៖ កម្លាំងជំនាញការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ រឹបអូសថ្នាំញៀន ព្រមទាំងសារធាតុគីមីផ្សំជិត៨០គីឡូក្រាម នៅភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
ការបង្ក្រាបនេះអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
របាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញា នៃអយ្យការអមសសាលាដំបូងខេត្តតាកែវ។
ជាលទ្ធផលនៃប្រតិបត្តិការ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ទួន សាស្រា្ត ភេទប្រុស ឆ្នាំកំណើត១៩៩៤
*ទី២៖ ឈ្មោះ ហ្វាង យ៉ាងណាម ភេទប្រុស ឆ្នាំកំណើត១៩៧៩
*ទី៣៖ ឈ្មោះ ចាន់ វាសនា ភេទប្រុស ឆ្នាំកំណើត១៩៨៦
*ទី៤៖ ឈ្មោះ ផាន វណ្ណារ៉ា ភេទប្រុស ឆ្នាំកំណើត១៩៧៩។
ក្នុងសរុបវត្ថុតាងគ្រឿងញៀន សារធាតុញៀនទម្ងន់ ១១៨.៦៤ក្រាម (មេតំហ្វេតាមីន), សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់៧៩,១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម) និងរថយន្ត១គ្រឿង។
សូមជម្រាបថា ការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានធ្វើឡើងដូចភ្លៀងរលឹមនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃ។ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រឹងប្រែងយ៉ាងសកម្ម ក្នុងការចុះបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ពិសេសបទល្មើសជួញដូរគ្រឿងញៀនធំៗ។
បើតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងបទល្មើសគ្រឿងញៀន រយៈពេល៤ខែឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ២៣៤៥ករណី ឃាត់ខ្លួនមនុស្ស ៥៥៧២នាក់ រឹបអូសថ្នាំញៀនបានជាង៣៦១គីឡូក្រាម៕