(សៀមរាប)៖ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឲ្យកាន់តែមានគុណភាពល្អ ប្រសិទ្ធភាព និងគណនេយ្យភាព​ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ​ បានបើកកិច្ចប្រជុំពិនិត្យផ្គូរផ្គង វាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ ២០២២)។

កិច្ចប្រជុំនេះធ្វេីឡេីងដោយមានការចូលរួមពីលោក សុខ ថុល អភិបាលរងខេត្តសៀមរាប និងលោក សុខ ធី ប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ប្រមាណ ៣៥០នាក់ចូលរួមផងដែរ។

លោក សុខ ថុល បានលើកឡើងថា ជាមួយនឹងចក្ខុវិស័យ យុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ ភាពជាម្ចាស់ និងទិសដៅច្បាស់លាស់ជាដំណាក់ៗរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយបានបន្តអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាផង និងដើម្បីឆ្លើយតបទៅនឹងដំណើរការនៃការផ្លាស់ប្តូរជារចនាសម្ព័ន្ធសង្គមកិច្ច សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការប្រែប្រួលនិម្មាបនកម្ម សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក។ 

លោកបានបន្តថា ដោយផ្អែកតាមលិខិតលេខ ៧៧៩ សហវ.អទច ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតលេខ ១៨៣/ ២២ សជណ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប ស្ដីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២២ និងជម្រុញធ្វើវិញ្ញាបនបត្រសម្គាល់អចលវត្ថុ។ រដ្ឋបាលខេត្តដែលមានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ជាសេនាធិការ បានរៀបចំឯកសារពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដោយមានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួង-ស្ថាប័ន រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់នីមួយៗចូលរួម ត្រួតពិនិត្យ និងផ្គូរផ្គងជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។

តាមរយៈកម្មវិធីនេះលោកក៏សង្ឃឹមដែរថា​ និងផ្តល់ធាតុចូលបន្ថែមយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើនសមត្ថភាពដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមចំណែកដើម្បីពង្រឹងការ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការរៀបចំបញ្ជីសារពើភណ្ឌ ឲ្យកាន់តែមានគុណភាពល្អ ប្រសិទ្ធភាព សង្គតិភាព សុក្រឹតភាព គណនេយ្យភាព និងតម្លាភាព ដើម្បីសម្រេចបាននូវលទ្ធផលល្អប្រសើរ។

លោក សុខ ធី បានលើកឡើងដែរថា ជុំវិញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺមានកំណត់ជាច្បាប់គ្រប់គ្រងដែលតម្រូវឲ្យអាជ្ញាធរកាន់កាប់ និងអ្នកពាក់ព័ន្ធនិង អង្គភាពប្រើប្រាស់ជាសារពើភណ្ឌ ការរៀបចំបញ្ជីសារពើភ័ណ្ឌ គឺសំខាន់ណាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្រសួងហិរញ្ញវត្ថុចំណាយប្រចាំឆ្នាំ លើសពីប្រាក់ខែបុគ្គលិកលើវិនិយោគទិញលើទ្រព្យ សម្បត្តិជាដើម ប្រសិនបើយើងរៀបចំមិនបានល្អទេ ការចំណាយក៏មិនបានល្អដែរ ហើយការប្រើប្រាស់នេះ ក៏ពាក់ព័ន្ធទៅដល់ការរកចំណូលមកវិញ ហើយក៏ជាមធ្យោបាយមួយ ដើម្បីបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផង។ កន្លងមកនេះ អាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់មួយចំនួន គាត់ពុំសូវផ្តល់តម្លៃទៅលើការគ្រប់គ្រងនេះទេ សារពើភ័ណ្ឌនេះពិតជារឿងសំខាន់ពាក់ព័ន្ធ និងស្វែងរកថវិកា ព្រោះយើងគ្រប់គ្រងថវិកាប្រចាំឆ្នាំ គេត្រូវមើលទៀតថា ត្រូវការថវិកាអីខ្លះ ព្រោះថវិកាប្រចាំឆ្នាំសំខាន់ណាស់។

ជាមួយនេះដែរ លោកក៏បានធ្វើការបកស្រាយ និងពន្យល់ ព្រមទាំងផ្តល់នូវនីតិវិធី ក្នុងការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជូនដល់មន្ត្រីគ្រប់គ្រងទ្រពសម្បត្តិរដ្ឋ តាមមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំសង្កាត់ ដែល បានលើកឡើងជាសំណួរមួយចំនួន ព្រមទាំងផ្តល់អនុសាសន៍ និងបច្ចេកទេសល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តនៅក្នុងមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំសង្កាត់របស់ខ្លួនផងដែរ៕