(ពោធិ៍សាត់)៖ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ, លោកស្រី ហ៊ុន ចានធី ម៉ៅ ធនិន ប្រធានកិត្តិយស , លោកស្រី ឡុង ម៉ារី ខូយ សុខា ព្រមទាំងលោក លោកស្រី ជាសមាជិក សមាជិកា ក្នុងនោះក៏មានវត្តមាន លោក ម៉ៅ ធនិន អភិបាលខេត្ត បាននាំយកទៀន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា១៣វត្តទូទាំងខេត្ត និងបូជនីដ្ឋានឧកញ្ញាឃ្លាំងមឿងមួយកន្លែងទៀត នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ។
លោកស្រី ឈឹម ស៊ីណា ប្រធានមន្ទីរកិច្ចការនារីខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក លោកស្រី ឯម ប៉ុណ្ណា និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន រួមជាមួយលោក លោកស្រី ជាសមាជិក សមាជិកា សមាគមនារីសាខាខេត្ត ស្រុក ក្រុង បានរៀបចំក្រុម ការងារចុះទៅតាមបណ្តា វត្តអារាម នៅចុងកាត់មាត់ញក ដែលអត្តខាត់បំផុតមិនដែលខកខានឡើយ។
ជាក់ស្តែងក្នុងរដូវបុណ្យចូលព្រះវស្សាឆ្នាំនេះ សមាគមនារី បាននាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃចំនួន១២វត្ត រួមមាន វត្តប្រោសសត្វ វត្តកោះឈូក វត្តរស្មីសិលារតនារាម វត្តលោកយាយស្តើង វត្តស្តៅ ឃុំអូរសណ្តាន់ វត្តរតនរង្សី វត្តទួលម្កាក់ វត្តសន្សំកុសល វត្តពោធិ៍អណ្តែត វត្តសំសាន្ត វត្តគិរីបរវង្ស វត្តថ្មបី ទូទាំងខេត្ត និងបូជនីដ្ឋានឧកញ្ញា ឃ្លាំង មឿង ដោយក្នុងមួយវត្ត ប្រគេនទៀនវស្សា១គូ, អង្ករ១០០គីឡូក្រាម, មី២កេស, ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស, ប្រេងឆា ៥លីត្រ, សៀងផ្អែម ៥គីឡូក្រាម, ឆៃប៉ូវ ៥គីឡូក្រាម, ទឹកសុទ្ធ២កេស ក្រៅពីនោះមានទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករស និងថវិកា ៣០ម៉ឺនរៀល សរុបជាថវិកាជាង ១លានរៀល។
លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានថ្លែងថា ទៀនវស្សារួមជាមួយនឹងទេយ្យវត្ថុ ដែលបានយកមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាតាមបណ្តាវត្ត ទាំង១២ និងបូជនីដ្ឋានឧកញ្ញាឃ្លាំងមឿងនាពេលនេះ គឺបានមកពីការចូលរួមគាំទ្រ ពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា ថ្នាក់សាខាខេត្ត អនុសាខាស្រុក ក្រុង មន្ទីរ អង្គភាព បងប្អូនអាជីវករ ជាពិសេសពីសំណាក់ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធាន កិត្តិយសតែងម្តង។
លោកស្រី បានលើកឡើងទៀតថា សមាគមនារី គឺជាស្ថាប័នមួយតែងតែធ្វើសកម្មភាពក្នុងកិច្ចការងារមនុស្សធម៌ ជួយដល់ពលរដ្ឋងាយ រងគ្រោះពិសេសស្ត្រីនិងកុមារី ដោយគ្មានការរើសអើងអ្វីឡើយ ដែលកន្លងមកនេះសមាគមបានអនុវត្តរួចមកហើយទាំងវិស័យ អាណាចក្រ និងពុទ្ធចក្រ។
លោកស្រីបានចាត់ទុកថា ការចូលរួមជាថវិកា សម្ភារៈ ពីសំណាក់សមាជិក សមាជិកាគ្រប់ៗរូប គឺជាការកសាងនូវផលបុណ្យកុសល មួយដ៏ធំ មិនអាចកាត់ថ្លៃបាន និងចូលរួមចំណែកជួយដល់សង្គមផងដែរ។ ស្មារតីនៃការចូលរួម ដែលកើតចេញពីមនុស្សធម៌ គុណធម៌ របស់យើងទាំងអស់គ្នានៅពេលនេះ បានចូលជ្រួតជ្រាបដល់ក្រអៅបេះដូងជនងាយរងគ្រោះគ្រប់ៗរូប និងសូមឲ្យសកម្មភាព មនុស្សធម៌នេះ បាននៅស្ថិតស្ថេររហូត ដើម្បីឲ្យសកម្មភាព សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ របស់យើង ដំណើរទៅដោយភាពរលូន ទៅដល់ថ្នាក់មូលដ្នាន ឃុំ សង្កាត់ទូទាំងខេត្ត។
ក្នុងខណៈនោះ លោកស្រីបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះ និងធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនៅតាម ភូមិ ឃុំ សង្កាត់ ដែលខ្លួនរស់នៅឲ្យបានគ្រប់ៗគ្នា ព្រោះវាមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ៗ៕