(បាត់ដំបង)៖ រសៀលថ្ងៃទី១១ ឧសភា ២០២៣នេះ វេទិកាសន្តិភាពកម្ពុជា-Cambodia Peace Forum បានសហការជាមួយរដ្ឋបាលស្រុកមោងឬស្សី បើកវេទិកាសាធារណៈក្រោមប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព» នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងស្រុកសរុប ៦៥៩ នាក់ ។

ក្នុងឱកាសនោះ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានលើករំលឹកឡើងអំពី ប្រវត្តិនៃការកសាងសន្តិភាព អំពីគុណតម្លៃនៃសន្តិភាព ព្រមជាមួយនូវកាតព្វកិច្ចរបស់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមការពារសន្តិភាព ដែលជាមរតកនយោបាយប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសសន្តិភាពនៃកម្ពុជា ។

ខ្លឹមសារជារួមនៃ វេទិកាសាធារណៈនេះគឺ វេទិកាសន្តិភាពកម្ពុជា បានដាក់ចេញនូវពាក្យស្លោកចំនួន ៣ឃ្លាគឺ ៖ ១. សូមបងប្អូនចេញទៅបោះឆ្នោតដើម្បីសន្តិភាព, ២. ប្រើសន្លឹកឆ្នោតបងប្អូនការពារសន្តិភាព និង ៣. ការពារសន្តិភាពដើម្បីបន្តការអភិវឌ្ឍ។

នាចុងបញ្ចប់កម្មវិធីមុនទទួលទានអាហារសាមគ្គី បងប្អូន លោកតា លោកយាយ ប្រជាពលរដ្ឋ ព្រមទាំងយុវជនអ្នកគ្រប់អាយុបោះឆ្នោតទាំងអស់ ដែលបានអញ្ជើញចូលរួម បានលើកដៃប្តេជ្ញាថា៖ ពួកគាត់ទាំងអស់គ្នា នឹងចេញទៅបោះឆ្នោតទាំងអស់គ្នា ! ហើយបោះឆ្នោតដើម្បីការពារសន្តិភាព… ៕