(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានលើកឡើងថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ដោយសម្តេចបានប្រើពេល១៥ម៉ោង ក្នុងការធ្វើការផ្សេងៗ នៅថ្ងៃម្សិលមិញនេះ។

សម្តេចបានលើកឡើងថា៖ «មុននេះ ឮគេនិយាយថា អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ។ ប្រាកដមែនម្សិលមិញ សម្រាប់ខ្ញុំប្រើពេល ១៥ម៉ោង ពីពេលស្លៀកពាក់ពេលព្រឹករហូតពេលដោះសម្លៀកបំពាក់ពេលយប់។ ថ្ងៃនេះព្រឹកប្រជុំនៅក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេសុី ល្ងាចវាយកូនគោល នៅក្រុងតាខ្មៅ ខេត្តកណ្តាលកម្ពុជា»

សម្តេចបានបន្តទៀតថា៖ «អាយុច្រើនកម្លាំងមានធ្វើការបានច្រើន ត្រូវឆ្លៀតហាត់ប្រាណ ដោយលេងកីឡា។ ប្រទេសយើងកំពុងប្រកួតកីឡាសុីហ្គេម លើកទី៣២ ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន។ កីឡារស់ក្នុងសន្តិភាព, សន្តិភាពសម្រាប់ទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីសន្តិភាព»