(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញចូលរួម ក្នុងកម្មវិធីចាក់ វ៉ាក់សាំងសារទឹក អុតក្តាម ថ្នាំវីតាមីននិងថ្នាំទម្លាក់ព្រូន ដល់សត្វគោ ៣៨៤ក្បាល និងក្របី៩៨ក្បាល ដើម្បីបង្ការជំងឺរាតត្បាតផ្សេងៗ ពីព្រោះសត្វពាហៈនៈ ជាកម្លាំងអូសទាញដ៏មានសារៈសំខាន់ របស់បងប្អូនប្រជាកសិករ។
ពិធីនេះប្រារព្ធធ្វើឡើង នៅទីទួលសុវត្ថិភាព ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ដោយមានវត្តមាន លោក ខូយ រីដា អភិបាលរងខេត្ត, លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត ក្រុមបសុពេទ្យនៃមន្ទីរកសិកម្មខេត្ត ភ្នាក់ងារពេទ្យសត្វភូមិ និងប្រជាពលរដ្ឋជាច្រើនគ្រួសារផងដែរ។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ម៉ៅ ធនិន បានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ឱ្យចេះថែរក្សាការពារសត្វគោ ក្របី ជ្រូក មាន់ ទា របស់ខ្លួន ដោយរាយការណ៍ជាបន្ទាន់ ដល់ភ្នាក់ងារពេទ្យសត្វភូមិ ប្រសិនបើមានជំងឺផ្សេងៗកើតមានជៀសវាងបង្ក ឱ្យមានជំងឺឆ្លងរីករាលដាលកាន់តែធ្ងន់ធ្ងរ។
ជាមួយគ្នានោះលោកសូមឲ្យប្រជាពលរដ្ឋទាំងអស់ ទៅចុះឈ្មោះ និងធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីនៅតាម ភូមិឃុំសង្កាត់ ដែលខ្លួនរស់នៅ ឲ្យបានគ្រប់ៗគ្នា ព្រោះវាមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ៗ។ លោកបានអំពាវនាវដល់អាជ្ញាធរដែនដីកងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមគ្នាគោរពច្បាប់ចរាចរណ៍បង្ការទប់ស្កាត់រាល់ បទល្មើស និងត្រូវចេះរួមសាមគ្គីគ្នាជួយគ្នាទៅវិញទៅមក គ្រប់កាលៈទេសៈទើបប្រសើរ។
ឆ្លៀងក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានបន្តចុះពិនិត្យមើលចំការម្រេច កៅស៊ូ ក្រូច និងត្រសក់ ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗ មួយចំនួន ជុំវិញការថែទាំដំណាំកសិកម្ម ក៏ដូចជាដំណាំកសិឧស្សាហកម្ម ដើម្បីទទួលបានទិន្នផលច្រើន៕