(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យលោក Petr Gandalovic ប្រធាននាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌ នៃក្រសួងការបរទេសសាធារណរដ្ឋឆែក ចូលជួបសវនាការ និងពិភាក្សាការងារ ក្នុងឱកាសលោក និងគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ជំនួបពិភាក្សាការងារនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល ។ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្ដែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រធានប្រតិភូ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឆែក ដែលបានចូលរួមចំណែកគាំទ្រវិស័យសុខាភិបាល តាមរយៈគម្រោងមួយចំនួនជាច្រើនៅកម្ពុជា។

គម្រោងទាំងនោះរួមមាន៖
*អនុស្សរណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាលកម្ពុជា និងស្ថានទូតនៃសាធារណ រដ្ឋឆែក ស្តីពីការគាំពារសុខភាពទារក នៃមន្ទីរពេទ្យកុមារជាតិ។

*គម្រោងសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិសុខភាពសាធារណៈ ស្តីពី Finding Ways to Strengthen Infection Prevention and Control in Hospital Settings Through Improved Access to Safe and Quality Water, Sanitation and Hygiene។

*គម្រោងសាងសង់មណ្ឌលសុខភាពចំនួន ០៣ គឺមណ្ឌលសុខភាព រាមអណ្តើក មណ្ឌលសុខភាព ធ្លាប្រជុំ និងមណ្ឌលសុខភាពត្រពាំងក្រញូង និងអគារសម្ភពក្នុងមន្ទីរពេទ្យបង្អែកកោះអណ្តែត និងការបណ្ដុះបណ្ដាលមន្ត្រី សុខាភិបាលខេត្តតាកែវ ដោយការប្រើប្រាស់ថវិកាបង្វែរពីបំណុលរបស់កម្ពុជា ទៅជាជំនួយឥតសំណង។

*គម្រោងផ្តល់សម្ភារៈបរិក្ខារឧបករណ៍វេជ្ជសាស្ត្រ សម្រាប់ជួយសង្គ្រោះជីវិតទារកទើបនឹងកើត រួមទាំងការបណ្តុះបណ្តាល ជូនមន្ទីរពេទ្យកុមារជាតិ។

*គម្រោងផ្តល់សម្ភារៈបរិក្ខារឧបករណ៍វេជ្ជសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈមួយចំនួន នៅក្នុងខេត្តកំពង់ឆ្នាំង។

លោករដ្ឋមន្ត្រីសុខាភិបាលក៏បានសម្តែងនូអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនឆែក ដែលបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យសុខាភិបាល ឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន ក្នុងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកប្រធានប្រតិភូ ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្ដិការបានយ៉ាងល្អកន្លងមកនេះ។ ជាមួយគ្នានេះលោកក៏បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញតាំង ពីខែវិច្ឆិកា ឆ្នាំ២០២១៕